II សេចក្ដីសង្ខេបរឿងរាមកេរ្តិ៍ខ្មែរ(ត)
ខ្សែទី១
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់
សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម
និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា
ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី
សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ
គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បី យាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម
និងនាងសិតា ។
កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ
និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។
យក្សនេះបានចោទប្រកាន់ព្រះរាមថា
លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន
ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។