សិក្សាអត្ថបទរឿងរាមកេវ្តិ៍
I.បង្ហាញអត្ថបទ
និង អ្នកនិព្ធរឿងរាមកេវ្ដិ៍
១.ប្រភពរឿង
ជាការពិតណាស់
រឿងរាមកេវ្ដិ៏បានជ្រាបចូលមកក្នុងប្រទេសកម្ពុជាតាំងពីយូលង់ណាស់មហើយគឺមុនសម័យមហានគរទៅទៀត
ពោលគឺឃើញចារឹកទុកនៅលើផ្ទាំងសិលាប្រាសាទអង្គរវត្តបានយ៉ាងល្អឥតខ្ចោះ ដែលទាំងនេះបានបញ្ជាក់ឲឃើញថា
បុព្វបុរសខ្មែរកាលពីជំនាន់ដើមមានការចងចាំសាច់រឿងបានស្ទាត់ជំនាញខ្លាំងណាស់ ។
តើរឿងរាមកេវ្ដិ៏មានប្រភពពិតប្រាកដ៏យ៉ាងណាដែរ?
ផ្អែកតាមឯកសារសារណា(១)បញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សាក្រោមប្រធានបទ
ប្រៀបធៀបរឿងរាមកេវ្តិ៏និងរ៉ាមគៀន យើងឃើញថាមានការលើកជាមតិប្លែកៗគ្នាដោយសំអាងទៅលើហេតុផលផ្សេងៗរៀងខ្លួន
។ ជាក់ស្តែងយើងឃើញមានយោបល់របស់លោក សរ សារុន លើកឡើងថា
សំអាងលើរឿងរាមកេវ្ដិ៏របស់ព្រះអង្គម្ចាស់ វឌ្ឍនឆាយាវង្ស ដែលបោះពុម្ភផ្សាយដោយ
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលមាន ១៦ខ្សែ គឺពីខ្សែទី១ ដល់១០ និងពីខ្សែទី៧៥ ដល់៨០
ឃើញមានការបាត់បង់ពីខ្សែទី១១ ដល់ទី៧៤ ។ លោកជឿថារឿងដែលនៅសេសសល់នេះមានអ្នកនិពន្ធពីររូបផ្សេងគ្នា
ព្រោះដោយសំអាងលើការប្រើប្រាស់ពាក្សពេចន៏ និងវិធីសាស្រ្តមានការខុសប្លែកគ្នាឆ្ងាយ
គឺពីខ្សែ៧៥ ដល់៨០មានការងាយស្រួលចំពោះអ្នកអាន អ្នកស្ដាប់ណាស់ ។
ចំណែកខ្សែដែលបានបាត់បង់ទៅ គេក៏មានចម្ងល់ដែរថា តើវាបាត់ទៅណា?
បាត់មែនឫទេ? បើបាត់ហេតុអ្វីចំបាច់បង់លេខទៅបញ្ចប់នៅលេខ៨០ទៅវិញ?
ចំពោះមូលហេតុនៃការបាត់បង់នេះលោក លាង ហាប់អាន
មានទស្សនះថា(2)វាអាចនៅរាត់រាយតាមវត្តអារាម ឫទីជនបទនានាដែលយើងពុំបានដឹង
ព្រោះទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់បូជាសាសនាប៉ុណ្ណោះទេ
ថែមទាំងជាឃ្លាំងសម្រាប់រក្សាគម្ពីរក្បួនខ្នាត តម្រាបុរាណ
ហើយបច្ចុប្បន្នវាជាសម្បត្តិវប្បធម៏ជាតិដ៏សំខាន់ទៀតផង ។ បើមិនដូច្នោះទេ
គម្ពីរក្បួនខ្នាតទាំងនេះអាចត្រូវពួកបរទេស ដែលលុកលុយមាន សៀម បារាំង យួន ជាដើម
បានប្រមូលយកទៅតម្កល់ទុកជាឯកសាររបស់ពួកវា យកទៅកែច្នៃបន្លំតាមវិធីផ្សេងៗជាដើម ដូចជា
តម្រានានា និងរបស់មានតម្លៃគ្រប់ប្រភេទ រួមទាំងសិលាចារឹក រូបចម្លាក់
ក្បាលអ្នកតានានា
ដែលខ្មែរបានបាត់បង់ទៅហើយបែរជាឃើញមានការតាំងនៅសារមន្ទីរទីក្រុងបាងកកទៅវិញ ។
ទស្សះនេះស្របគ្នានឹងការបញ្ជាក់របស់លោក អៀវ កើស(៣)ដែលយល់ថា
សៀមមានទំនាក់ទំនងជាមួយខ្មែរតាំងពីស.វទី៣ មកដល់ស.វទី១៣
ហើយបន្ទាប់មកគឺពេលដែលវាយដែញខ្មែរឲចាកចេញពីក្រុងអង្គរ
និងពេលដែលសៀមវាយបំបែកបន្ទាយលង្វែកនាចុងស.វទី១៦ សៀមកាន់តែទទួលអរិយធម៍ពេញទី ដោយបានប្រមូលគម្ពីរ សាស្រា្ត
តម្រាផ្សេងៗផង ព្រមទាំងកៀរអ្នកប្រាជ្ញរាជបណ្ឌិត ប្រជាជនខ្មែរ និងទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតយកទៅស្រុកវា។
ភាពស្របគ្នានេះបញ្ជាក់ថារឿងរាមកេវ្តិ៏ពិតជាត្រូវបាត់បង់ពីខ្សែទី១១ដល់ទី៧៤មែន ។
ប៉ុន្តែបើក្រលេកមើលទស្សនះថ្មីមួយទៀតដែលបានបង្ហាញពីការយល់ឃើញផ្សេងពីនេះទៅទៀត
នៅក្នុងសារណាបរិញ្ញាបត្ររបស់និស្សិត ជូ កែវ(៤)ក្រោមចំណងជើងថា
ប្រៀបធៀបតួអង្គរឿងរាមកេវ្តិ៏និងរាមាយណ:បានបកស្រាយថា រឿងរាមកេវ្តិ៏អាចនឹងមិនត្រូវបាត់បង់ទេ
ពីព្រោះយល់ថាតាមដំណើររឿងខ្សែទី១០ នេះក្រុងរាពណ៏បានបាត់បង់កូនទាំង១០
និងសេនាពូកែអស់ហើយពុំមានលទ្ធភាពធ្វើចម្បាំងទៀតទេ បើទៅមិត្តឈ្មោះមូលផល័មនៅនគរក្រៅ
ចក្រវាឡ គង់នឹងមានលទ្ធភាព បន្តសង្គ្រាមយ៉ាងច្រើនខ្សែប៉ុណ្ណោះក៏នឹងត្រូវចប់ទៅហើយ ។
ចំណែកការបង់រំលងលេខនោះឯកសារដែលបានស្រាយថា គឺដើម្បីឲស្របទៅនឹងជន្មាយុរបស់ព្រះពុទ្ធ
គឺកំឡុងពេលដែលអ្នកនិព្ធជាពុទ្ធសាសនិកដែលព្យាយាមទាញរឿងរាមកេវ្តិ៏ឲខុសពីរាមាយណ:ដោយហេតុថាព្រះពុទ្ធមានព្រះជន្ម៨០ព្រះវស្សា
ទើបអ្នកនិព្ធបង់លេខពី៨០ចុះមកវិញ ។
ផ្ទុយមកវិញតាមទស្សន:លោក ឃីង ហុកឌី(៥)យល់ថា
ខ្សែទី៨០មិនមែនជាទីបញ្ជប់នៃរឿងរាមកេវ្តិ៏ទេ ហើយនៅចន្លោះខ្សែទី១០ដល់ទី៧៤
ដោយបាត់ឯកសារទៀតផង ។ ដោយពឹងលើការស្រាវជ្រាវចាប់តាំងពីឆ្នាំ១៩៦៧ មកដល់បច្ចុប្បន្ននៅក្នុង
និងក្រៅស្រុក លោកបានរកឃើញឧបកថាមួយទៀតដែលនៅមាននៅក្នុងច្បាប់នានា
ហើយដែលអ្នកឯកទេសបានធ្វើការសិក្សាមកហើយ ។ ឯកសារនេះតម្កល់នៅបណ្ណាល័យអាស៊ីក្រុងប៉ារីស
ចុះលេខ៣៩Bដែលជាអំណោយរបស់លោក
អៃម៉ូនីញេ(E.Aymonier) ៕
តាមការអះអាងយើងឃើញថា មានការសមស្របមតិលោក លាង ហាប់អាន
ពីបញ្ហាដែលថារឿងរាមកេវ្តិ៏ខ្សែកណ្តាលនេះ ត្រូវបានបាត់បង់ពីការយារយីពីបរទេស
លោកបានបង្ហាញពី ឯកសាររបស់ខ្មែរតាំងពីក្បួនខ្នាត គម្ពីក្រាំងស្លឹករឹត
ដែលត្រូវបានទៅទុកនៅក្នុងបណ្ណាល័យនៃសារមន្ទីឯបរទេស មានទីក្រុងប៉ារីសខ្លះ
ទីក្រុងឡុងខ្លះ និងប៊ែឡាំងខ្លះ ។ ពួកគេបានធ្វើការដឹកជញ្ជូនទាំងកប៉ាល់ៗទៅប្រទេសគេ ។
ចំណែករឿងនៅឯទីក្រុងមូស្គូល ក្នុងបណ្ណាល័យលេនីនមានសាស្រ្តាចារ្យខ្មែរច្រើនណាស់
តែគេបែរជាដាក់ថាក្បួនតម្រាសៀមទៅវិញ ។ ប៉ុន្តែការពិតក្បួនខ្នាតទាំងនេះសុទ្ធសឹងជារបស់ខ្មែរ
។ ឧបកថាដែលទើបនឹងរកឃើញថ្មីនេះ មានចំណងជើងថា ‘រាមកេវ្តិ៏កាលវៃយ-រាពណ៏សណ្ដំយកព្រះរាមបាន’ ។
ការសិក្សារឿងរាមកេវ្តី៏កន្លងមកពុំទាន់ឃើញមានរឿងថ្មីនេះនៅឡើយទេ
ព្រោះគេច្រើនតែនិយមវីភាគនិងបកប្រែជាភាសាបារាំង ឫអង់គ្លេស ។
តែរឿងរាមកេវ្តិ៏របស់ព្រះអង្គម្ចាស់វឌ្ឍនឆាយាវង្ស
ដែលផ្សាយចេញពីពុទ្ធសាសនបណ្ឌិតក្រោមការដឹកនាំរបស់លោកស្រី S.Karpeles លោក ឃីង ហុកឌី
យល់ថាឯកសារថ្មីនេះមិនទាន់គ្រប់គ្រាន់ទេ ពោលគឺគ្រាន់តែជាផ្នែកមួលដែលផ្សាភ្ជាប់តែប៉ុណ្ណោះ
ពោលគឺនៅខ្វះឯបកថាស្ដីពីការបរាជ័យបញ្ចប់របស់រាពណ៏ មរណះភាពរបស់រាពណ៏
ការលុយភ្លើងបង្ហាយភក្តីភាពរបស់នាងសីតា និងការត្រលប់ចូលអយុធ្យារបស់ព្រះរាម
ព្រះលក្ម្សណ៏ និងនាងសីតា ។ ដូច្នេះប្រសិនបើមានឧបកថា៣ឫ៤បន្ថែមទៀតនោះ
រាមកេវ្តិ៏ខ្មែរប្រហែលជាអាចនឹងពេញលេញគ្រប់គ្រាន់ជាមិនខាន ។
ឧបកថា ‘វៃយរាពណ៏សណ្ដំយកព្រះរាមបាន’ដែលយើងរកឃើញនេះ
ជាឯកសារសរសេរដោយដៃនៅលើក្រដាសជាបទពំនោលទាំងអស់មាន៦៤វគ្គ
បានសេចក្ដីថាសរុបត្រូវជា១៩២៩ឃ្លា តែខ្វះ១ឃ្លាក្នុងវគ្គ៤៩៦ ។
ឯកសារនេះសរសេរជាអក្សរជ្រៀង ហើយដែលលោក អៃ ម៉ូនីញេ(Aymonier) បានសិក្សាដំបូងនៅខែតុលា ១៨៩៤
ដោយយោងតាមសំណេរដោយដៃខ្លះនៅលើទំព័រដើម ។ លោកហ៊ានបញ្ជាក់បែបនេះគឹយោងលើឯកសារ CF.une
episode du Ramakent: Rama endormi par les malesfices de Vairy Raban, Paris L
Harmattan, 1995,213p+Photos
។ ក្នុងកម្រងសិក្សាកថានេះ មានសេចក្តីផ្ដើម ការសិក្សាប្រៀបធៀប
និងរាមកេវ្តិ៏ពោលដោយតាចក់ រាមកេវ្តិ៏ ថៃ និងរាមកេវ្តិ៏
គំនូរនៅវិហារព្រះកែវមរកតនៅភ្នំពេញ ព្រមទាំងមានសេចក្តីប្រែជាភាសាបារាំង ហើយភ្ជាប់ជាមួយនូវអត្ថបទជាភាសាខ្មែរតាមអក្ខរាវិរុទ្ធច្បាប់ដើម
និងអក្ខរាវិរុទ្ធទំនើប ដោយយោងទៅលើវចនានុក្រខ្មែរ បោះផ្សាយនៅពុទ្ធសាសនបណ្ឌិត ។
&&&&&&&&&
(១) សារណាបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សាប្រៀបធៀបរឿងរាមកេវ្តិ៏
និងរ៉ាមគៀន និសិ្សត សេង សោភា គ.ស.២០០១
(២) សិក្សាអត្ថបទរឿងរាមកេវ្តី៏ខ្សែទី៧០ដល់ខ្សែទី៨០ លាង
ហាប់អាន ១៩៩៩ ទំព័រទី២ដល់ទី៦
(៣) ភាសាខ្មែរ អៀង កើស ទំព័រទី២៦៧
(៤) សារណារបស់និស្សិត ជូ កែវ ១៩៩៩ ទំព័រទី៣-៤
(៥) ទិដ្ឋភាពទូទៅនៃអក្សរសាស្រ្តខ្មែរ ឃីង ហុកឌី
១៩៩៧ ទំព័រទី១១៥-១១៦
No comments:
Post a Comment