២.រឿង មហាជនក
មហាជនកជាតក ជាតកទី២នៃជាតកទាំង១០
ដែលបង្ហាញពីការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងជាតិជាមហាជនកដើម្បីសាងនូវវីរយបារមី។
រឿងនេះប្រភពដើមជាភាសាបាឡី មាននៅក្នុងគម្ពីរខុទ្ទកនិកាយ ជាតក មហានិបាត
ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ
ហើយនិងក្នុងគម្ពីរជាតកអដ្ឋកថាដែលមានមកជាង២ពាន់ឆ្នាំហើយ។ លោក ឈឹម ស៊ុម
បានដកស្រង់នឹងបកប្រែពីអដ្ឋកថា[6]។
សង្ខេបរឿង មហាជនកជាតក
ព្រះពុទ្ធបរមសាស្ដ្រាចារ្យ កាលនៅគង់នៅវត្តជេតពន
ទ្រង់ប្រារព្ធនូវមហាភិនិក្ខមនបារមី(នេក្ខមបារមី) ទ្រង់សម្ដែងព្រះធម្មទេសនាថា “កាយំ មជ្ឈេ សមុទ្ទស្មឹ”ដូច្នេះជាដើម។
សេចក្ដីថា
៖ ថ្ងៃមួយ
ភិក្ខុទាំងឡាយអង្គុយសរសើរមហាភិនិស្ក្រមណ៍នៃព្រះតថាគតក្នុងធម្មសភា។
ព្រះបរមសាស្តាទ្រង់បុច្ឆាថា ៖ ម្នាលភិក្ខុទាំងឡាយ
អ្នកប្រជុំនិយាយនូវរឿងអ្វី?ភិក្ខុទាំងឡាយក្រាបបង្គំទូលតាមដំណើរសេចក្ដី។
ទើបព្រះជិនស្រីទ្រង់មានព្រះពុទ្ធដីកាថា៖ មិនតែឥឡូវនេះទេ
ពីដើមដែលតថាគតជាពោធិសត្វក៏ចេញសាង មហាភិនិស្ក្រមណ៍យ៉ាងនេះដែរ។
ព្រះសាស្ដាដែលភិក្ខុទាំងឡាយអារាធនា
ក៏ទ្រង់សម្ដែងអតីតនិទានដូចតទៅនេះ ៖ អតីតេ ភិក្ខវេ វិទេហរដ្ឋេ មិថិលាយំ មហាជនកោ នាម រាជា រដ្ឋំ ការេសិ
ម្នាលភិក្ខុទាំងឡាយក្នុង កាលកន្លងទៅហើយ
ព្រះរាជាព្រះនាមមហាជនកសោយរាជក្នុងនគរមិថិលាដែនវិទេហរាស្ដ្រទ្រង់មានព្រះរាជបុត្រ២ព្រះអង្គ
ព្រះនាម អរិដ្ឋជនក១ បោលជនក១។
ទ្រង់ព្រះរាជប្រទានឋានៈជាឧបរាជដល់ព្រះអរិដ្ឋជនក,
ឋានៈសេនាបតីដល់ព្រះបោលជន។ ចំណេរកាលមកខាងក្រោយ
កាលព្រះមហាជនកទ្រង់សោយព្រះទីវង្គតទៅ
ព្រះអរិដ្ឋជនកជាព្រះមហាឧបរាជបានសោយរាជ្យ
ទ្រង់ព្រះរាជទាននាទីឧបរាជដល់ព្រះបោលជនក។
អាមាត្រម្នាក់ញុះញង់ព្រះមហាក្សត្រឲ្យចាប់ព្រះបោលជនកដាក់ច្រវាក់ឃុំទុកផ្ទះមួយជិតព្រះរាជនិវេសន៍។
ព្រះបោលជនកដោះច្រវាក់ ហើយបើកទ្វាបាន
ចេញទៅគង់នៅឯស្រុកបច្ចន្តគ្រាមមួយ
មានមនុស្សចុះចូលជាច្រើន
ប្រជុំជាកងទ័ពឡោមព័ទ្ធចាប់ព្រះអរិដ្ឋជនកធ្វើគតទៅ
ហើយបានសោយរាជតមក។
គ្រាចម្បាំង ព្រះទេវីរបស់ព្រះអរិដ្ឋជនក ទ្រង់គ័ភ៌គ្រប់ខែ
ជ្រាបថាព្រះស្វាមីសុគត ក៏យកមាសប្រាក់
និងវត្ថុមានតម្លៃដាក់ក្នុងបាតកញ្ជើគ្របសំពត់ដាក់អង្ករពីលើ
ក្លែងព្រះអង្គជាស្រីកំសត់ទូលកញ្ជើរត់ទៅតាមទ្វារខាងជើង
បានជួបនឹងព្រះឥន្ទដែលនិមិ្មតជាព្រាហ្មណ៍ចាស់បរទេះបញ្ជិះនាំទៅដល់នគរកាលចម្បាក
ទៅនៅសំណាក់អាស្រ័យនាផ្ទះអាចារ្យទិសាបាមោក្ខនាមឧទ្ទិច្ចព្រាហ្មណ៍។ មិនយូរប៉ុន្មាន
ព្រះនាងក៏ប្រសូតព្រះរាជបុត្រ, ព្រះនាងព្រះរាជប្រទានព្រះនាមថា “មហាជនក”
ដូចព្រះនាមព្រះរាជអយ្យកោ។
ព្រះមហាជនកបរមពោធិសត្វ ចម្រើនវ័យឡើងជាមនុស្សថ្លើងឡើងចាង
ក្អេងក្អាងឥតខ្លាចក្មេងណា ដោយសារកើតក្នុងខត្តិយត្រកូល ហើយនៅក្នុងគ្រួសារដែលគេគោរព
ត្រូវក្មេងឯទៀតស្អប់ គេជេរថា “អាកូនឥតឪ” ក៏ជាអុកជាទុក្ខ កន្ទក់កន្ទេញទទូចសួរព្រះមាតា
ត្រាតែបានជ្រាបនូវប្រវត្តិដើមរបស់ព្រះអង្គ
ហើយខំផ្ចង់ស្មារតីដើម្បីគោរពប្រតិបត្តិមាតា ព្រមទាំងលោកគ្រូអាចារ្យ
ខំសិក្សារហូតចេះចប់ត្រៃវេទ ក្នុងរវាងព្រះជន្ម១៦ឆ្នាំ ទើបបានក្រាបថ្វាយបង្គំទូលព្រះមាតាថា
ទូលព្រះបង្គំនឹងទៅតយករាជសម្បិត្តឯនគរមិថិលា, បើព្រះមាតាគ្មានទ្រព្យខ្លឹមសារទេ, ទូលព្រះបង្គំនឹងទៅធ្វើជំនួញសន្សំទ្រព្យសិន
ដើម្បីចងពួក នឹងទៅយករាជសម្បត្តិនោះ។ ព្រះមាតាប្រាប់ថាៈ មានវត្ថុ៣មុខជាខ្លឹមសារ
គឺកែវមណី១ កែវមុក្តា១ កែវវជីវ១។
ព្រះពោធិសត្វ
សុំយកវត្ថុទាំងនោះពាក់កណ្ដាល ថ្វាយបង្គំលាព្រះមាតា និងអាចារ្យ ទិសាបាមោក្ខ ចុះសំពៅសំដៅទៅប្រទេសសុវណ្ណភូមិ
ជាមួយនឹងពាណិជ ៧រយនាក់ ធ្វើជំនួញបានប្រាក់ដ៏ច្រើន នាំមកថ្វាយព្រះមាតា
ជូនលោក អាចារ្យ ហើយត្រឡប់ទៅប្រទេសសុវណ្ណភូមិវិញ តាមផ្លូវសមុទ្ទ។
ថ្ងៃនោះឯងជួនជាព្រះបាទបោលជនក
ឯនគរមិថិលា ទ្រង់ប្រឈួនផ្ទំជាប់លើព្រះស-យនា។
គ្រាដែលព្រះពោធិសត្វចុះសំពៅទៅបាន៧ថ្ងៃ សំពៅក៏ធ្លាយក្នុងមហាសមុទ្ទ។
មហាជនភិតភ័យរន្ធត់ យំស្រែកសំបូងសង្រូងរកទេវតាឲ្យជួយគ្រប់ៗគ្នា។ ចំណែខាងពោធិសត្វមិនដូច្នេះទេ
បែរជាលាយស្ករនឹងទឹកដោះគោសោយ ហើយជ្រលក់សំពត់ដោយប្រេង ស្លៀកយ៉ាងខ្ជាប់ទៅឡើងដងក្ដោង។
មហាជនប្រុសស្រី បានជាចំណីត្រី និងអណ្ដើក។ ទឹកជុំវិញសំពៅក្លាយទៅជាពណ៌ក្រហម
ដោយសារឈាម។
ព្រះពោធិសត្វ
ឈរលើចុងក្ដោង ឆ្ពោះព្រះភក្ដ្រទៅនគរមិថិលា ហើយក៏លោតផ្លោងរំលងពួកត្រី
និងអណ្ដើកហែលទៅ។ ថ្ងៃនោះ ត្រូវលើថ្ងៃដែលព្រះបាទបោលជនកទ្រង់សុគត។
ព្រះពោធិសត្វ
ដូចជាកំណាត់ដើមចេកមាសអណ្ដែតលើរមូរនៃរលកទឹកសមុទ្ទមានព័ណ៌ដូចកែវមណី
ខំឆ្លងមហាជលធីដោយកម្លាំងដើមដៃទាំងពីរ កាត់ទីដែលត្រូវឆ្លងអស់វេលា៧ថ្ងៃ
ដោយដោយព្រះទ័យថា
នឹងឲ្យដល់ក្នុងថ្ងៃនេះ។ ក្នុងថ្ងៃគម្រប់៧ ទ្រង់ជ្រាបថា
“ឥឡូវនេះជាថ្ងៃពេញបូណ៌មី”
ទើបទ្រង់ខ្ពុរព្រះឱស្ឋដោយទឹកប្រៃ អធិដ្ឋានសីលឧបោសថ[1]
។
គ្រានោះ នាងទេពធីតា ឈ្មោះមណីមេខលា
ដែលព្រះចតុលោកបាលទាំង ៤ ឲ្យរក្សា
មហាសមុទ្ទ ដើម្បីកុំឲ្យមនុស្សសត្វ អ្នកគោរពប្រតិបត្តិមាតាបិតា
គ្រូអាចារ្យ លិចស្លាប់ក្នុងមហាសមុទ្ទបាន។
នាងធ្វេសស្មារតីខានត្រួតមើលសមុទ្ទអស់៧ថ្ងៃ
ស្រាបតែថ្ងៃជាគម្រប់៧នៃការលង់ទឹករបស់ពោធិសត្វ ទើបនាងបានដឹង ក៏ប្រឹងស្ទុះម្នីម្នា
ដោយអាការភិតភ័យថា ឱ!គ្រោះជាល្អ! ប្រសិនបើព្រះមហាជនកស្លាប់ក្នុងមហាសមុទ្ទ
សមជាអាត្មាអញនឹងលែងបានចូលទេវសមាគម។ នាងឋិតនៅឰដ៏អាកាស ពោលល្បងព្រះពោធិសត្វមើលថា
នរណានេះដែលមិនឃើញត្រើយសោះ ហើយខំប្រឹងហែលកណ្ដាលសមុទ្ទដែរ!
អ្នកឃើញប្រយោជន៍ដូចម្ដេច បានជាព្យាយាមដល់ម្ល៉េះ?
-ព្រះពោធិសត្វថាៈ
ម្នាលទេវតា ខ្ញុំពិចារណាឃើញនូវវត្តរបស់សត្វថា ត្រូវតែធ្វើការ ហើយនិងអានិសង្ឃនៃសេចក្ដីព្យាយាម
ថាត្រូវតែផុតទុក្ខ, ព្រោះហេតុនេះបានជាខ្ញុំទោះបីមិនឃើញត្រើយសោះ
ក៏នៅតែព្យាយាមហែលដែរ។
-ទេវតាថាៈ
អ្នកមិនឃើញទាំងត្រើយផង, ការព្យាយាមរបស់អ្នក
ជាការសោះសូន្យទទេ,អ្នកមិនដល់ត្រើយទេ មុខជាស្លាប់មិនខាន។
-ព្រះពោធិសត្វថាៈ
បុគ្គលធ្វើនូវកិច្ចរបស់បុរស(ព្យាយាម)ទើបជាអ្នកមិនមានបំណុលក្នុងពួកញាតិ
ក្នុងពួកទេវតា និងក្នុងពួកព្រាហ្ម ទាំងមិនក្ដៅក្រហាយក្នុងកាលទាំងក្រោយផង។
-ទេវតាថាៈ
ការងារដែលមិនសម្រេច រមែងជាការឥតផល បានត្រឹមតែក្ដីលំបាកជាកម្រៃ,
បុគ្គលដែលត្រូវស្លាប់ នោះមានប្រយោជន៍ដោយសេចក្ដីព្យាយាមក្នុងការងារ។
-ព្រះពោធិសត្វថាៈ
ម្នាលទេវតា, បុគ្គលណាដឹងច្បាស់ថា “ការងារមិនសម្រេច”
ហើយមិនរក្សាជីវិតខ្លួនៗឯង(បែរជាអំពាវនាវឲ្យគេជួយជីវិតទៅវិញ)
ថែមទាំងបន្ថយសេចក្ដីព្យាយាមផង, បុគ្គលនោះគង់ដឹងនូវផលនៃសេចក្ដីខ្ជិលមិនខាន,
ម្នាលទេវតា, ក្រែងនាងបានឃើញដែរឬ មនុស្សមួយសំពៅលិចបាត់ទៅ, នៅតែខ្ញុំហែលមក,
បើមិនបានផលអ្វី, ក៏បានត្រឹមតែការជួបនឹងនាងដែរ, ខ្ញុំនឹងព្យាយាម តាមសមគួរដល់ការអាច
តាមសមគួរដល់កម្លាំង បើភព្វមាន បានដល់ច្រាំង ខ្ញុំនឹងធ្វើនូវសេចក្ដីព្យាយាមដែរបុរសគួរធ្វើទៀត។
-ទេវតាៈ
អ្នកប្រកបដោយសេចក្ដីព្យាយាមតាមធម៌ រមែងមិនលិចចុះក្នុងមហាសមុទ្ទដោយកម្ម
គឺសេចក្ដីព្យាយាមហ្នឹងឯង, ចិត្តរបស់អ្នកត្រេកអរក្នុងទីណា,
ចូរអ្នកទៅក្នុងទីនោះចុះ។
នាងមណីមេខលា
ទេវតារក្សាសមុទ្ទនិយាយាដូច្នោះហើយ ក៏ចាប់ស្រង់ព្រះពោធិសត្វដូចជាផ្កាកម្រង
ត្រកងផ្ដេកផ្ទាប់នឹងឱរា ដូចជាប្រិយបុត្រារបស់របស់ខ្លួន នាំទៅតាមអាកាសដល់នគរមិថិលា
ក៏ផ្តេកលើមង្គលសិលាបីត្រ ក្រោមដើមស្វាយខាងត្បូងព្រះនគរ
ឲ្យពួកទេវតារក្សាឧទ្យានចាំថែរក្សាព្រះពោធិសត្វ ហើយត្រឡប់ទៅឋានរបស់ខ្លួនវិញ[2]។
ឯព្រះបោលជនក
ឥតព្រះរាជបុត្រសោះ មានត្រឹមតែព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមសីវលីទេវី។
ក្នុងថ្ងៃដែលព្រះអង្គផ្ទំជាប់មរណមញ្ច អាមាត្រទាំងឡាយបានស្នើព្រះយោបល់ថាៈ
ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជប្រទានរាជសម្បិត្តដល់នរណា។
ព្រះរាជាត្រាស់ព្រះរាជឱង្ការថា កំណប់ធំ១៦ គឺកំណប់ត្រង់ព្រះអាទិត្យ១
ត្រង់ព្រះអាទិត្យលិច១ ខាងក្នុង១ ខាងក្រៅ១ មិនមែនក្នុងមិនមែនក្រៅ១
ត្រង់ទីសម្រាប់ឡើង១ ត្រង់ទីសម្រាប់ចុះ១ ត្រង់សាលព្រឹក្សទាំងបួនដើមមួយៗ
ត្រង់ទីមួយយោជន៍១ នាចុងភ្លុកដំរី១ នាចុងកន្ទុយដំរី១ ក្នុងទឹក១ ឰដ៏ចុងឈើ១
នរណាគាស់បាន, សហស្សថាមធ្នូ នរណាលើករួច, បល័ង្គ(គ្រែ)បួនជ្រុង
នរណាដឹងក្បាលដំណេកខាងណា, នាងសីវលីរាជទេវិ នរណាឲ្យត្រេកអរបាន
អ្នកទាំងឡាយចូរប្រគល់រាជសម្បិត្តឲ្យអ្នកនោះចុះ។
អាមាត្យទាំងឡាយ
បានចាត់ការជ្រើសរើសព្រះមហាក្សត្រតាមព្រះរាជបណ្ដាំនេះពុំបាន
ទើបព្រមព្រៀងតាមបុរោហិតចាត់ការផ្សងបុស្សរថដែលទឹមដោយសេះពីរគូ មានកម្រាលនិងផ្ការចនាដ៏វិចិត្រ
ដាក់គ្រឿងរាជកកុធភ័ណ្ឌគ្រប់គ្រាន់ទាំងប្រាំប្រការ មានពួកចតុសេនាចោមរោមត្រៀបត្រា
បួងសួងសូមឲ្យបានអ្នកមានវាសនាគួរទទួលសោយរាជ្យសម្បិត្ត។ បុស្សរថដែលគេផ្សង
ហើយលែងទៅក៏សំដៅទៅត្រង់ទីមង្គលសិលាប័ត្រដែលព្រះពោធិសត្វផ្ទំ។ បុរោហិតបានឃើញលក្ខណៈព្រះអង្គហើយ
និយាយប្រាប់គ្នាថាៈ បុរសនេះមានសម្ថភាពអាចសោយរាជ្យក្នុងមហាទ្វីបទាំងបួនបាន។
ទើបព្រមព្រៀងគ្នាអារាធនាព្រះអង្គសូមទ្រង់ទទួលរាជសម្បិត្ត,
បានធ្វើពិធីអភិសេកក្នុងទីនោះមួយរលឹក ហើយទៅកាន់រាជបុរី
បានដង្ហែទៅជួបនឹងព្រះនាងសីវលីទេវីរាជកញ្ញា។ ព្រះនាងមានសេចក្ដីជ្រះថ្លា
ពុំអាចទប់ទល់ព្រះអង្គ ក៏ទ្រង់លូកព្រះហស្ថចាប់ព្រះពោធិសត្វ
ដោយព្រះរាជហឫទ័យជ្រះត្រៀកអរ។ មហាជនក៏ទះដៃទទួលអំណរថា
ត្រូវតាមព្រះរាជបណ្ដំមួយខហើយ។
ព្រះពោធិសត្វសួរថាៈ
ព្រះមហាក្សត្ររបស់អ្នកទាំងឡាយបានផ្ដាំរឿងអ្វីដទៃទៀតដែរ?
ទើបអាមាត្យទាំងឡាយក្រាបទូលហូរហែ
តាមព្រះរាជបណ្ដាំដែលបានពោលហើយខាងដើមៈបល្ល័ង្គបួនជ្រុង គឺព្រះសិរីសយនា
ដែលឥតមាននរណាចូលដល់ បានជាគ្មាននរណាស្គាល់ក្បាលដំណេក។ ព្រះពោធិសត្វក៏ប្លែក
ងឿងក្នុងព្រះហឫទ័យ, ប៉ុន្ដែដោយការវាងវៃ
ទើបព្រះអង្គដកព្រះសុពណ៌សូចិ(ស្នៀតព្រះកេសមាស) ហុចទៅដល់ព្រះនាងសីវលីថា
នេះជាគ្រឿងប្រដាប់ព្រះសិរ, ចូរនាងដាក់ក្នុងទីគួរដាក់។ ព្រះនាងក៏ដាក់លើគ្រែនោះ
ខាងក្បាលដំណេក។ ទើបព្រះអង្គឆ្លើយប្រាប់មហាជនថាៈ នេះជាក្បាលដំណេក[3]។
សហស្សថាមធ្នូ(ធ្នូប្រកបដោយកម្លាំងបុរសមួយពាន់នាក់)។
ព្រះពោធិសត្វគង់លើបល្ល័ង្គលើកធ្នូនេះរួច
ដូចជាធ្នូសម្រាប់ថ្ពេចកប្បាសរបស់ពួកស្រីៗ។
កំណប់ព្រទ្យទាំង១៦។
ព្រះអង្គសួរអាមាត្យទាំងឡាយថាៈ
ព្រះរាជារបស់អ្នកទាំងឡាយធ្លាប់រាប់អានព្រះបច្ចេកពុទ្ធឬទេ?
-ក្រាបទូលថាធ្លាប់។
-ធ្លាប់ទទួលដំណើរព្រះបច្ចេកពុទ្ធត្រង់ទីណា? -ថាត្រង់ទីនោះ។
បើដូច្នោះចូរអ្នកទាំងឡាយទៅជីកយកកំណប់អំពីទីនោះមក, ទីនោះឯងដែលឈ្មោះថាកន្លែងព្រះអាទិត្យរះ,
ព្រះរាជាធ្លាប់ជូនដំណើរព្រះបច្ចេកពុទ្ធដល់ត្រង់ណា,
ចូលអ្នករាល់គ្នាទៅជីកយកកំណប់អំពីត្រង់នោះមក,
ទីនោះឯងដែលមានឈ្មោះថាព្រះអាទិត្យលិច។ រាជបុរសទាំងឡាយក៏ជីកបានកំណប់មកមែន។
ទ្រង់ឲ្យយកកំណប់ខាងក្នុង អំពីខាងក្នុងធរណីនៃព្រះរាជដំណាក់, ឲ្យយកកំណប់ខាងក្រៅ
អំពីខាងក្រៅធរណីនៃទ្វារនោះ, ឲ្យយកកំណប់មិនមែនខាងក្នុង មិនមែនខាងក្រៅ
អំពីខាងក្រោមធរណីនោះ, ឲ្យយកកំណប់ក្នុងកន្លែងឡើង អំពីកន្លែងឡើងកាន់ដំរី,
ឲ្យយកកំណប់កន្លែងចុះ អំពីកន្លែងចុះចាកដំរី,
ឲ្យយកកំណប់ខាងក្រោមមហាសាលព្រឹក្សបួនដើម អំពីខាងក្រោមជើងដំរីទាំង៤នៃគ្រែព្រះសិរីសយនាដែលជាងធ្វើដោយឈើសាលព្រឹក្ស
ឲ្យយកកំណប់ចម្ងាយមួយយោជន៍ជុំវិញអំពីទីជុំវិញគ្រែមួយជួរនឹម, ឲ្យយកកំណប់នាខាងចុងភ្លុកដំរី
អំពីទីចំពោះមុខនៃភ្លុកទាំងពីរនៃដំរីមង្គល, ឲ្យយកកំណប់នាខាងចុងកន្ទុយដំរី
អំពីទីចំពោះមុខនៃកន្ទុយនៃដំរីមង្គល,
ឲ្យយកកំណប់អំពីកំពង់ដែលទ្រង់ធ្លាប់ចុះស្រង់ក្នុងស្រះមង្គលបោក្ខរណី ឲ្យយកកំណប់ឰដ៏ចុងឈើ
អំពីទីចុងស្រមោលនៃមែកសាលព្រឹក្សក្នុងព្រះរាជឧទ្យាននៅវេលាថ្ងៃត្រង់។
កាលព្រះពោធិសត្វឲ្យនាំយកកំណប់ទាំង១៦ បានមកយ៉ាងនេះហើយ,
មហាជនក៏មានចិត្តត្រេកអររីករាយ ថ្វាយរាជសម្បត្តិជាការដាច់ស្រេចដោយការធ្វើព្រះរាជពិធីអភិសេកជាមួយនឹងព្រះនាងសីវលីទេវី។
កំណប់ទ្រព្យដែលគាស់បានមក ទ្រង់ឲ្យយកទៅចាត់ការកសាងសាលាឆទានទាំង៦ខ្នង គឺត្រង់ទីជិតទ្វារនៃព្រះរាជនិវេសន៍២ខ្នង
ទៀបទ្វារទាំង៤នៃនគរ៤ខ្នង ហើយទ្រង់ចំណាយព្រះរាជទ្រព្យព្រះរាជទានដល់សម-ណៈជីព្រហ្មណ៍
ស្មូមយាចកអ្នកកំសត់ទុគ៌តរៀងរាល់ថ្ងៃតទៅ។ ទ្រង់ឲ្យស្ដេចសម្ដេចព្រះវររាជជននី
ព្រមទាំងអញ្ជើញអាចារ្យទិសាបាមោក្ខ អំពីនគរកាលចម្បាក់មកតម្កល់ទុកជាទីសក្ការបូជាដរាបតរៀងទៅ។
ព្រះបាទមហាជនកបរមពោធិសត្វ
កាលគង់លើរាជសនៈក្រោមស្វេតច្ឆត្រ ទតឃើញសិរីរាជសម្បត្តិ ដូចជាសិរីនៃព្រះឥន្ទ្រ
ទ្រង់រលឹកឃើញនូវការព្យាយាមដែលទ្រង់ធ្វើនៅមហាសមុទ្ទ
ក៏មានព្រះរាជហឫទ័យប្រកបដោយបីតិសោមនស្ស ទ្រង់បន្លឺព្រះឧទានថាៈ
បុរសជាបណ្ឌិតត្រូវតែតស៊ូ! មិនត្រូវនឿយណាយ!
យើងឃើញច្បាស់ដោយខ្លួនឯងថាយើងប្រាថ្នាយ៉ាងណា បានយ៉ាងនោះ,
យើងឃើញច្បាស់ដោយខ្លួនឯងថា ទេវតាស្រង់យើងដាក់មកលើគោក។
បុរសជាបណ្ឌិតត្រូវតែតស៊ូ!
មិនត្រូវនឿយណាយ! អ្នកមានប្រាជ្ញាទោះបីសេចក្ដីទុក្ខប៉ះពាល់ត្រូវ
ក៏មិនត្រូវកាត់បំណងខ្លួនដែរ!។
ចំណេរកាលតមក
ព្រះនាងសីវលីទេវីប្រសូតព្រះរាជបុត្រា ទ្រង់បានព្រះរាជទានព្រះនាមថា ទីឃាវុកុមារ។
ព្រះរាជបិតាបានព្រះរាជទានឋានៈជាឧបរាជដល់ព្រះរាជបុត្រនេះ។
ព្រះមហាជនកទ្រង់សោយរាជ្យប្រកបដោយទសពិធរាជធម៌
ឥតមានមោះមៃសេចក្ដីអន្តរាយក្នុងនគរឡើយ។
ថ្ងៃមួយទ្រង់ស្ដេចទៅកាន់ឧទ្យាន បានទតឃើញផ្លែស្វាយ១ដើម
រេចស្លឹកបាក់មែកព្រោះតែមាន, ស្វាយមួយដើមទៀតមានស្លឹកលាស់ខ្ចី
សាខាត្រឈឹងត្រឈៃដង្គុំដង្គោលល្អព្រោះឥតផ្លែ, ទើបទ្រង់ព្រះចិន្ដាថា
ស្វាយដែលរេចរឹលបាក់មែកព្រោះតែផ្លែ ដូចជាអាត្មាអញជាស្ដេចសោយរាជ្យ
ធ្វើឲ្យកើតឡើងសម្រាប់តែអ្នកត្រូវការ ត្រង់ខ្លួនអាត្មាអញចេះតែរេចទៅៗ។
ព្រះអង្គទ្រង់ព្រះចិន្ដាដូច្នេះហើយ ទើបទ្រង់សព្វព្រះរាជហឫទ័យក្នុងភេទបព្វជ្ជា
ទ្រង់និវត្តមកកាន់ព្រះរាជនិវេសន៍វិញ ទ្រង់បណ្ដេញហាមឃាត់មិនឲ្យមនុស្សដទៃទៅនៅ
ឬចូលទៅក្នុងព្រះរាជនិវេសន៍ឡើយ លើកលែងតែអ្នកបម្រើព្រះអង្គម្នាក់ចេញ។
ព្រះអង្គធ្វើសមណធម៌ស្មឹងស្មាធអស់វេលា៤ខែ ឥតឲ្យនរណាដឹងសោះ។ ថ្ងៃមួយនោះ
ទ្រង់ឲ្យអ្នកបម្រើទៅហៅខ្មាន់ព្រះកេសមកចម្រើនព្រះកេសា
ឲ្យទៅជាវសមណបរិក្ខារ(បាត្រចីវរ)មកផ្លាស់គ្រឿងអម្ពរ ទ្រទ្រង់ភេទបព្វជ្ជា
ទ្រង់ព្រះពស្ដ្រកាសាយ៍ស្ពាយបាត្រឰដ៏ព្រះអង្សា ប្រាថ្នានឹងចេញទៅព្រៃហេមពាន្ត។
គ្រានោះព្រះនាងសីវលី
និងស្រីស្នំ៧រយនាក់ តាក់តែងអង្គទ្រង់គ្រឿងអលង្ការបំពារាជប្បញ្ញាត្តិចូលទៅគាល់,
ជួនជាព្រះអង្គចុះចេញពីបា្រសាទយាងដោយបាទា ទោះបីស្ដ្រីទាំងនោះអង្វរឃាត់យ៉ាងណា
ក៏ទ្រង់ពុំព្រមត្រឡប់វិញសោះ។ មហាជនក្នុងនគរទាំងអស់ ទាំងស្ដ្រីទាំងបុរស
ទាំងរាស្ដ្រទាំងមន្ដ្រី ផ្អើឆោឡោរត់តាមព្រះចក្រី
ថ្លែងសេចក្ដីអង្វរផ្សេងៗជាអនេកប្រការ ក៏ពុំអាចញ៉ាំងព្រះអង្គឲ្យទ្រង់ត្រឡប់បាន។
ព្រះនាងសីវលីនឹកឃើញឧបាយមួយថា
“ព្រះរាជាតែងខ្វល់ខ្វាយក្នុងកិច្ចការពារអន្ត រាយនៃប្រជាជន”
ទើបទ្រង់ចាត់សេនាបតីឈ្មោះមហាសេនាគុត្ត ឲ្យដុតផ្ទះចាស់ៗ ដុតសំ រាម ដុតស្លឹកឈើ
ធ្វើឲ្យមានផ្សែងទ្រលោមឡើង ព្រះនាងក៏ទៅឱបព្រះបាទាព្រះស្វាមីទូល ថានគរមិថិលាត្រូវភ្លើងឆេះហើយ។
ព្រះអង្គទ្រង់មានព្រះឱង្ការថា សេចក្តីខ្វល់ខ្វាយនៃជន ណាមាន សេចក្តីខ្វល់ខ្វាយនោះ
នៃជននោះ តែងឆេះចេញជាភ្លើង ឯយើងឥតមានសេចក្តី ខ្វល់ខ្វាយទេ ឥតភ្លើងឆេះទេ។ល។
ព្រះនាងឲ្យពួកអ្នកកាន់អាវុធសំឡុតអ្នកស្រុកធ្វើហាក់ដូចជាចោរប្លន់។
អ្នកស្រុកទាំងរយ ទាំងពាន់រត់មកយំស្រែកស្ទាក់ព្រះរាជដំណើរថា ចោរប្លន់ដែនព្រះអង្គហើយ
សូមព្រះអង្គត្រឡប់កុំឲ្យដែននេះវិនាស។ ព្រះអង្គទ្រង់ត្រាស់ថា
កង្វល់របស់យើងមិនមានទេ យើងរស់នៅជាសុខ ទុកជាដែនត្រូវចោរប្លន់ក៏យកសម្បត្តិយើងមិនបានដែរ[4]។
ព្រះអង្គទ្រង់ចេញ ទៅអស់ផ្លូវដ៏ឆ្ងាយ។ មហាជនទាំងឡាយក៏ប្រឹងតែតាមមិនព្រមត្រឡប់។
ដល់ផ្លូវប្រហប់ព្រះអង្គទ្រង់ងាកសួរថា រាជ្យនេះជារាជ្យនរណា? នរណាកាន់អំណាចក្នុងប្រទេសនេះ?
ឆ្លើយទូលថារាជ្យព្រះអង្គ ព្រះកាន់អំណាច។ ទើបព្រះពោធិសត្វយកព្រះទណ្ឌ(ឈើច្រត់)
គូសទទឹងផ្លូវប្រហប់ថា យើងជាអ្នកកាន់អំណាចគូសគំនូសនេះ នរណាកន្លងគំនូសនេះ
នឹងត្រូវមានទោស។ មហាជនទាំងរាស្ត្រ ទាំងមន្ត្រី ឥតបីហ៊ានកន្លងផ្គងអញ្ជលីឱនសិរសា
ក្រាបទល់ត្រឹមគំនូសនោះ។ ព្រះនាងសីវលីផ្តួលអង្គទ្រង់បម្រះននៀល ទាល់តែរលុបគំនូស
នោះអស់។ មហាជនឃើញដូច្នោះ ក៏ស្រែកថា “ម្ចាស់គំនូសទម្លាយគំនូសហើយ” ហើយខំ
រត់ប្រពាក់ប្រពូនតាមទៅទៀត។ ព្រះរាជាពុំអាចញ៉ាំងមហាជនឲ្យត្រឡប់វិញបាន អស់ផ្លូវ
៦០យោជន៍។
គ្រានោះ តាបសព្រះនាមនារទ
នៅនាព្រៃហេមពាន្ត បានឋិតនៅឰដ៏អាកាស ញ៉ាំង សេចក្តីឧស្សាហ៍នៃព្រះរាជាឲ្យកើតឡើងថា
សំឡេងគឹកកងនេះ តើព្រោះហេតុអ្វី? ស្រីៗ នោះជាអ្វី?
មកលេងជាមួយក្នុងព្រៃដូចជាក្នុងស្រុក?
ពោធិសត្វថា
ខ្ញុំលះបង់មហាជនចេញមក បានជាមហាជនតាមមកប្រជុំក្នុងទីនេះ ខ្ញុំកន្លងកិលេសទៅបួស
ដើម្បីបាននូវមោនធម៌។
-
តាបសថា
ព្រះអង្គកុំសម្គាល់ថា អញឆ្លងកិលេសរួច កិលេសនេះបុគ្គលមិនងាយឆ្លងបានទេ
ព្រោះអន្តរាយមានច្រើន។
- ព្រះពោធិសត្វថា ខ្ញុំមិនប្រាថ្នាកាមក្នុងមនុស្សលោកក្នុងទេវលោកឡើយ សេចក្តី
អន្តរាយនឹងមានដល់ខ្ញុំដូចម្តេចបាន។
-
តាបសថា
សេចក្តីអន្តរាយតាំងឡើងពីប្រភពច្រើនប្រការគឺ ពីការដេកលក់ ពីសេចក្តីខ្ជិល
ពីការមឹតពត់ ពីសេចក្តីអផ្សុក ពីការពុលអាហារ។
- ព្រះរាជាសួរថា លោកប្រៀនប្រដៅខ្ញុំល្អណាស់ លោកជាអ្វី?
- តាបសថា ជនទាំងឡាយស្គាល់ខ្ញុំដោយនាមថា នារទ ដោយគោត្រថាកស្សប ខ្ញុំ មកដោយការដឹងច្បាស់ថា
“សមាគមដោយសប្បុរស ជាការប្រពៃ” សេចក្តីត្រេក អរក្នុងបព្វជ្ជា និងព្រហ្មវិហារ
ចូរកើតដល់ព្រះអង្គ ការខ្វះខាតសីល និងឈាន សូមព្រះអង្គបំពេញ សូមព្រះអង្គរំលាយចោលនូវសេចក្តីមើលងាយ
និងសេចក្តី ក្រអឺតក្រអោង(អាងជាតិ) សូមព្រះអង្គគោរពនូវកុសលកម្មបថ និងវិជ្ជា
គឺអភិញ្ញា ៥ សមាបត្តិ៨ និងសមណធម៌។
នារទតាបសនោះ ទូន្មានព្រះមហាសត្វយ៉ាងនេះហើយ ក៏ទៅកាន់លំនៅនៃខ្លួនតាម
អាកាសវិញហោង។ កាលដែលតាបសនោះទៅបាត់ទៅ មានតាបសផ្សេងទៀតព្រះនាម មិគាជិន
ចេញអំពីសមាបត្តិ មកឋិតនៅឰដ៏អាកាសបង្ហាញខ្លួននិយាយថាៈ បពិត្រព្រះជនក ព្រះអង្គលះបង់ដំរីសេះ
ពួកអ្នកនគរ និងជនបទដ៏ច្រើន ហើយទ្រង់ព្រះផ្នួស ត្រេកអរតែនឹង អំបែង(បាត្រ)
តើពួកអ្នកជនបទ មិត្រ អាមាត្រ និងព្រះញាតិ បានប្រទូស្តចំពោះព្រះអង្គឬ ឬក៏ព្រោះហេតុអ្វី
បានជាព្រះអង្គសព្វព្រះរាជហឫទ័យនឹងអំបែងរបស់ព្រះអង្គឯណេះវិញ?
- ព្រះពោធិសត្វឆ្លើយថា បពិត្រមិគាជិន តាំងពីកាលណាមក ខ្ញុំមិនដែលផ្ចាញ់ជន ណាមួយដោយអធម៌ទេ
ទាំងពួកជនណាមួយ ក៏មិនដែលផ្ចាញ់ខ្ញុំដែរ ខ្ញុំបានឃើញនូវប្រពៃ ណីនៃសត្វលោក
ដែលកិលេសធ្វើឲ្យខ្វល់ខូចដូចជាភក់ លិចចុះក្នុងភក់ គឺកិលេសងងឹតងងល់ហ៊ានដល់ទៅសម្លាប់គ្នា
ខ្ញុំយករឿងនេះមកប្រៀបធៀបពិចារណា ទើបបានជាខ្ញុំចូលចិត្តនឹងផ្នួស។
- តាបសសួរថាៈ អ្នកមានជោគណា ជាសាស្តារបស់ព្រះអង្គ? ពាក្យដ៏ពីរោះនេះ ជា ពាក្យរបស់បុគ្គលណា?
- ព្រះពោធិសត្វឆ្លើយថាៈ ខ្ញុំអាចនិយាយដូច្នេះបាន ដោយខ្លួនឯង ព្រោះហេតុខ្ញុំបាន
ឃើញដើមស្វាយមានផ្លែ ដែលពួកមនុស្សបៀតបៀនធ្វើឲ្យរេចស្លឹក និងមែក ព្រោះតែផ្លែ ខ្ញុំ
បានឃើញស្វាយមួយដើមទៀតឥតមានផ្លែ មានពណ៌ខៀវស្រងាត់ ជាទីរីករាយនៃចិត្ត ទើប ខ្ញុំគិតថា
“អាត្មាអញដែលទ្រទ្រង់នូវឥស្សរភាព នឹងត្រូវសត្រូវទាំងឡាយសម្លាប់មិនខាន ខ្លា
ដំបងត្រូវគេសម្លាប់ព្រោះស្បែក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក
អ្នកមានទ្រព្យត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណានឹងសម្លាប់មនុស្សឥតផ្ទះ
មិនមានសន្ថវ នឹងថាដើមស្វាយទាំងពីរនេះ ឯង ជាសាស្តារបស់ខ្ញុំក៏ថាបាន។
មិគាជិនតាបស ឮដូច្នោះក៏ថ្វាយឱវាទដល់ព្រះរាជាថា “សូមព្រះអង្គកុំធ្វេសប្រហែស”
ដូច្នេះហើយក៏ត្រឡប់ទៅកាន់ទីឋានរបស់ខ្លួនវិញហោង។
កាលដែលមិគាជិនតាបសនោះ ទៅបាត់ទៅ ព្រះនាងសីវលីក្រាបទៀបព្រះបាទានៃ ព្រះរាជាជាព្រះស្វាមី
ថ្លែងព្រះរាជសវនីយ៍ថាៈ ជនទាំងពួងគឺសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង បានឮថា
ព្រះអង្គទ្រង់ព្រះផ្លួសហើយ ក៏តក់ស្លុតរត់តាមមកដល់ទីនេះ សូមតាំងព្រះរាជាកុមារក្នុងរាជសម្បត្តិ
ហើយសឹមទ្រង់ព្រះផ្លួសក្នុងកាលខាងក្រោយនេះ។
ព្រះពោធិសត្វថាៈ ម្នាលបជាបតិ ពួកអ្នកជនបទ មិត្រ អាមាត្រ និងញាតិទាំងឡាយ
ត្រូវអាត្មាលះបង់ស្រេចហើយ កូនអ្នកវិទេហរាស្ត្រឈ្មោះ ទីឃាវុកុមារ
នឹងជាអ្នកញ៉ាំងរដ្ឋឲ្យ ចម្រើន ចូរកូននោះសោយរាជ្យក្នុងក្រុងមិថិលាចុះ ចូរនាងមកនេះ
អាត្មានឹងប្រាប់នូវពាក្យ ដែលអាត្មាពេញចិត្តថា នាងឯងសោយរាជ្យឈ្មោះថា
ធ្វើនូវបាបទុច្ចរិតដ៏ច្រើន ដោយកាយ វាចា ចិត្ត នាងនឹងទៅកាន់ទុគ្គតិ ដោយកាយវាចា
ចិត្តទុច្ចរិតមិនខាន ឯអាត្មាញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅដោយដុំបាយដែលបុគ្គលដទៃឲ្យ
ដែលបុគ្គលដទៃសម្រេចហើយ នេះជាប្រពៃណីរបស់អ្នកប្រាជ្ញ។
ព្រះពោធិសត្វ ព្រះរាជទានឱវាទដល់ព្រះនាងសីវលី យ៉ាងនេះបណ្តើរ យាងទៅ បណ្តើរ។
ព្រះនាងសីវលី ស៊ូតែតាមទៅៗដល់វេលាយប់ ទើបទ្រង់ឈប់ឲ្យបោះកងទ័ពក្នុង ទីដ៏សមគួរ។
ព្រះមហាសត្វចូលទៅកាន់គល់ឈើមួយដើម ព្រឹកឡើងទ្រង់ស្តេចទៅស្វែង រកភិក្ខា
ក្នុងថូណនគរ។ ក្នុងនគរនោះ មានបុរសម្នាក់អាំងសាច់មួយដុំ។ សុនខមួយលបពាំ បោលទៅ
ត្រូវម្ចាស់សាច់ដេញតាម
សុនខក៏ប្រឹងបោលទៅប្រទះនឹងព្រះពោធិសត្វ វាភ័យ ស្មានថាជាព្រះអង្គចាំស្ទាក់
ក៏ទម្លាក់ដុំសាច់ ប្រាសបោលទៅម្ខាងបាត់ទៅ។ ព្រះអង្គរងចាំ នៅទីនោះមួយស្របក់ពុំឃើញម្ចាស់
ឬឆ្កែមកយកដុំសាច់នោះវិញ ក៏ព្រះអង្គទស់យកជា ចង្ហាន់ប័ង្សុកូល បោសធូលីស្អាតដាក់ក្នុងបាត្រ
យកទៅពិចារណាបច្ចវេក្ខណវិធី ឆាន់ក្នុងទីមានទឹកដ៏សប្បាយ។ ព្រះនាងទេវី ឃើញយ៉ាងនេះ
ក៏ទ្រង់ព្រះចិន្តាថា “ បើព្រះស្វាមីនៅត្រូវ ការ ដោយរាជសម្បត្តិ ទ្រង់មិនសោយព្រះស្ងោយយ៉ាងនេះទេ
នេះប្រាកដជាដាច់អាល័យ ពីរាជសម្បត្តិហើយ “ ទើបព្រះនាងថ្លែងសវនីយ៍រិះគន់ព្រះរាជាថាៈ
បុគ្គលណាឥតអាហារបួនពេល នោះនឹងស្លាប់មិនលែង! ជាតិជាកុលបុត្រមិនគប្បីបរិភោគអាហារ
ដែលប្រឡាក់ ដោយធូលីមិនស្អាតទេ ព្រោះការបរិភោគយ៉ាងនោះមិនល្អសោះ មិនប្រពៃសោះ!
បពិត្រព្រះមហាជនក គួរបើដែរ ព្រះអង្គសោយព្រះស្ងោយសល់ពីឆ្កែយ៉ាងហ្នឹង!
ព្រះពោធិសត្វថា ម្នាលនាងសីវលី របស់ណាដែលគេលះបង់ហើយ របស់នោះមិនមែនជាអាត្មា
មិនគួរឆាន់ទេ របស់ដែលបានដោយធម៌ នោះជាអាហារមិនមានទោស។
ព្រះពោធិសត្វ និងព្រះនាងសីវលី ចរចារទៅវិញទៅមកបណ្តើរយាងទៅបណ្តើរ ទ្រង់បានជួបនឹងនាងកុមារិកាម្នាក់កំពុងស្ទៃដីខ្សាច់ដោយកូនកញ្ច្រែង។
នាងកុមារិកានោះ មានដៃម្ខាងពាក់កងមួយ ដៃម្ខាងទៀតពាក់កងពីរ។
ឯកងមួយនាដៃម្ខាងឥតមានសូរ ប្លែក តែកងពីរនាដៃម្ខាងទៀតនោះ ចេះតែឮសូរក្រឹកៗឥតឈប់។
ព្រះរាជាទ្រង់ជ្រាបហេតុនោះ ហើយក៏ទ្រង់ព្រះចិន្តាថា “ នាងសីវលី
ចេះតែតាមជាប់ពីក្រោយអាត្មាអញ អធ្មតាស្រ្តីជាមន្ទិលរបស់បព្វជិត
អ្នកផងបានឃើញនឹងរិះគន់ពុំខាន ឯនាងកុមារិកានេះ អង់អាចឥតខ្លាចនរណា សមជាក្មេងមានប្រាជ្ញា
បើដូច្នោះអាត្មាអញនឹងសួរកុមារិកានេះ ឲ្យវាឆ្លើយ អាត្មា អញនឹងបានចម្លើយវា យកមកបណ្តេញនាងសីវលីទៅវិញ
“ ទ្រង់ព្រះចិន្តាដូច្នោះហើយ ក៏ទ្រង់ចូលទៅជិតនាងកុមារិកា
ទ្រង់ព្រះបុច្ឆាថាៈ ម្នាលកុមារិកា តំណូចនាងឯងពិតជាក្មេង នៅដេកឱបម្តាយនៅឡើយ ហើយនាងមានគ្រឿងប្រដាប់មិនឃ្លាតពីខ្លួនជានិច្ច
ដៃម្ខាង របស់នាងលាន់ឮសូរ ដៃម្ខាងទៀតឥតឮសូរសោះ តើព្រោះហេតុអ្វី?
នាងកុមារិកាថាៈ បពិត្រសមណៈ កងទាំងពីរទង្គិចគ្នាទើបឮសូរ កងមួយនេះឥតកង ឯទៀតជាកម្រប់ពីរទើបមិនឮសូរ
ដូចអរិយបុគ្គលជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នា រមែងជ ជែកគ្នា
ម្នាក់ឯងជជែកនឹងនរណាកើត ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញព្រះហឫទ័យនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។
ព្រះបរមពោធិសត្វ បែរមកបញ្ជាក់នឹងព្រះនាងសីវលីថាៈ នាងឮឬទេ នូវពាក្យដែល នាងកុមារិកានិយាយអម្បាញ់មិញ?
នាងកុមារិកាដៀលអាត្មាដូចជាខ្ញុំកញ្ជះវា នេះឯងជាគតិ នៃបុគ្គលពីរនាក់
ផ្លូវបែកជាពីរនេះ ត្រូវនាងទៅតាមផ្លូវមួយ អាត្មាទៅតាមផ្លូវមួយ នាងកុំ ហៅអាត្មាថាស្វាមី
ទាំងអាត្មាក៏លែងហៅនាងថា បជាបតីទៀតដែរ។
ព្រះនាងសីវលី ទ្រាំពុំបានក៏ប្រកាន់យកផ្លូវខាងឆ្វេង ទ្រង់ព្រះវិយោគសោកសង្រេង
វង្វេងព្រះស្មារតី ក្សត្រីក៏ងាកមកជួបនឹងស្វាមីវិញដដែល។
ព្រះពោធិសត្វ ទ្រង់យាងចូលទៅកាន់ថូណនគរ ដើម្បីបិណ្ឌបាត បានឃើញជាងព្រួញម្នាក់
កំពុងដៅព្រួញមួយលើរងើកភ្លើង លើកឡើងធ្មេចសំងេវភ្នែកម្ខាង សំឡឹងមើល រំពត់ព្រួញដោយភ្នែកម្ខាងក៏ទ្រង់ព្រះបុច្ឆាថា
ហេតុអ្វីក៏អ្នកធ្នេចភ្នែកម្ខាងសំឡឹងមើលព្រួញ វៀច? អ្នកមើលយ៉ាងនេះស្រួលឬ?
ជាងព្រួញថា បពិត្រសមណៈ ការមើលដោយភ្នែកទាំងពីរឃើញទីធំទូលាយណាស់ ពុំអាចដឹងជាព្រួញវៀចត្រង់ណា
ជាប្រាកដទេ លុះតែធ្មេចភ្នែកម្ខាង សំឡឹងមើលរំពត់វា ដោយភ្នែកម្ខាង
ទើបដឹងជាព្រួញវៀចត្រង់នេះត្រង់នោះ បុគ្គលមានគ្នាជាគម្រប់ពីរ រវល់តែ ជជែកគ្នា រកមាគ៌ាដ៏ត្រង់ពុំឃើញទេ
ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញព្រះហ ឫទ័យចំពោះភាពនៃបុគ្គលម្នាក់ឯងចុះ។
ព្រះពោធិសត្វទ្រង់សណ្តាប់ពាក្យដូច្នេះ លុះសន្សំមិសកភត្តបានល្មមមួយចម្អែត ទើបទ្រង់ចេញទៅធ្វើកត្តកិច្ចត្រង់ទីមានទឹក
និងម្លប់ដ៏សប្បាយ។ ឯព្រះនាងសីវលី និងយោធាទាំងឡាយក៏ស៊ូតែតាមពុំព្រមត្រឡប់។
លុះដល់ដងព្រៃមួយ ព្រះអង្គដកស្មៅយាប្លងមក ក្តិចមួយកំណាត់ប្រវែងមួយថ្នាំង
សុលបញ្ចេញស្នូលមកខាងក្រៅ ហៅព្រះនាងសីវលីមក បញ្ជាក់ថា “នាងឮឬទេ
សម្តីដែលជាងពត់ព្រួញនិយាយព្រឹកមិញ នាងឯង និងអាត្មាត្រូវតែ ឃ្លាតគ្នា បញ្ចូលគ្នាវិញមិនកើត
ដូចជាស្នូលយាប្លងនេះ ផ្លូវបែកជាពីរនេះ ចូរនាងនៅម្នាក់ ឯងចុះ ដូចស្មៅយាប្លង
ដែលអាត្មាដកហើយនេះ “ ថាតែប៉ុណ្ណេះ ក៏គេចចូលព្រៃស៊ុបទ្រុប បំបាត់ព្រះអង្គបាត់ទៅ។
ព្រះនាងសីវលី ពុំអាចទប់ទល់នូវព្រះសំណោក ទ្រង់ព្រះវិយោគសោកា លើកព្រះហត្ថាគក់ព្រះឱរា
ទ្រង់បរិទេវនាការបម្រះននៀល គ្រាតែសន្លប់បាត់ព្រះស្មារតី។ ពួកនាហ្មឺន សព្វមុខមន្ត្រីភ័យរចល់រវល់តែរកព្រះសុគន្ធវារី
មកប្រោះស្រប់ជប់ចាប់សព្វព្រះអង្គា ទំរាំព្រះនាងទ្រង់ភ្ងារសួររកព្រះភស្តា
ក៏ឥតនរណាដឹងជាព្រះអង្គយាងទៅខាងណាសោះ អស់ក្តីសង្ឃឹមត្រឹមប៉ុណ្ណោះ។
ព្រះនាងសីវលីរាជពនិតា ទ្រង់ចាត់ការឲ្យសាងចេតីយ៍អនុស្សាវរីយ៍ត្រង់ទីដែលបាត់
ព្រះអង្គ ហើយទ្រង់ធ្វើសក្ការបូជា រួចត្រឡប់មកវិញ។
ចំណែកខាងព្រះពោធិសត្វ
ចូលបាត់ទៅក្នុងព្រៃហេមពាន្ត មិនយូរប៉ុន្មាន ក៏បាននូវ
អភិញ្ញា និងសមាបត្តិ ក្នុងរវាងមួយសប្តាហ៍លែងយាត្រាមកកាន់ផ្លូវមនុស្សសោះ។
ឯព្រះនាងទេវី និងបរិពារទាំងអស់
ចាត់ការកសាងព្រះចេតីយ៍អនុស្សាវរីយ៍ត្រង់ទី
ដែលព្រះអង្គសន្ទនាជាមួយនឹងជាងពត់ព្រួញមួយ
ត្រង់កន្លែងដែលព្រះអង្គឆាន់សាច់សល់ពីឆ្កែមួយ
ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងមិគាជិនតាបសមួយ
ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងនារទតាបសមួយ
ទ្រង់ធ្វើសក្ការបូជាព្រះចេតីយ៍ដោយទៀនធូប ភ្ញីផ្កាជាមហោឡារិក
ហើយទ្រង់ចាត់ការរៀបពិធីអភិសេកព្រះទីឃាវុកុមារ
ឲ្យសោយរាជ្យត ពីព្រះបរមរាជបិតា ទើបព្រះនាងទ្រង់ព្រះផ្នួសជាឥសី
គង់នៅក្នុងព្រៃអម្ពវ័នរាជឧទ្យាន ញ៉ាំងឈានឲ្យកើតឡើង
ទ្រង់គង់នៅដរានជីវិតាវសាន
បានទៅកើតក្នុងព្រហ្មលោក។ ឯព្រះបរមពោធិសត្វឋិតនៅក្នុងព្រៃហេមពាន្ត
ដរាបដល់ជីវិតបរិយោសានបានទៅឧប្បត្តិក្នុងព្រហ្មលោកនាយហោង។
ព្រះសម្ពុទ្ធបរមសាស្តាចារ្យ
ទ្រង់នាំព្រះធម៌ទេសនានេះមកសម្តែងហើយ ទ្រង់មាន ព្រះដីកាថា “ម្នាលភិក្ខុទាំងឡាយ
មិនត្រឹមតែក្នុងកាលឥឡូវនេះទេ ពីដើមមក តថាគតចេញ ទៅកាន់មហាភិនិស្រ្កមណ៍យ៉ាងនេះឯង
ទើបព្រះអង្គទ្រង់ប្រជុំជាតកថា ព្រះឥន្ទក្នុងគ្រានោះ គឺជាភិក្ខុអនុរុទ្ធ
ក្នុងកាលឥឡូវនេះ ព្រហ្មណ៍ទិសាបាមោក្ខ គឺជាភិក្ខុកស្សប ទេវតារក្សា សមុទ្រ
គឺជាភិក្ខុនី ឧប្បលវណ្ណា នារទតាបស គឺជាភិក្ខុសារីបុត្រ មិគាជិនតាបស
គឺជាភិក្ខុមោគ្គល្លាន នាងកុមារិកា គឺជាភិក្ខុនីខេមា ជាងព្រួញ គឺជាអានន្ទ
បរិស័ទក្រៅពីនេះ គឺជាពុទ្ធ បរិស័ទ នាងសីវលី គឺជាមាតានៃរាហុល ទីឃាវិកុមារ
គឺជារាហុល ព្រះរាជមាតាបិតា គឺជា មហារាជត្រកូល ឯព្រះនរិន្ទមហាជនក
គឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធហ្នឹងឯងហោង។
(ចប់មហាជនកជាតក
ដោយសង្ខេប)
[1] សាស្ត្រាស្លឹករឹតខ្មែរបុរាណលេខបញ្ជី៧៣២
ដែលវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យបានមកអំពីខេត្តសៀមរៀបពីព.ស.២៤៧២មានរបៀបពាក្យដូចតទៅនេះ
៖ (ខ្សែ១) រីអស់ឈ្មួញផងទាំងឡាយ
រមិលមើលសំពៅហៀបទៀបនឹងលិចទៅនាកណ្ដាលសមុទ្ទដូច្នោះកូវ
សឹងទ្រហោយំលើកដៃដំទ្រូងសំបូងសង្រូងអស់ទេវតារទាំងឡាយ សូមមានជីវិតរស់ទីទៃៗ
ក៏ហេតុរឹតភិតខ្លាចនឹងភ័យស្លាប់នោះមហិមា នឹងទប់ទល់តម្កល់អាត្មាពុំបានឡើយ
ភ្លេចភ្លាំងស្មារតី ម្នីម្នាស្ទុះលោតប្រសាចអំពីសំពៅទៅកណ្ដាលសមុទ្ទនោះ។
រីអស់ត្រីឆ្លាម មករ ពិនទង ក្រពើ អណ្ដើកផងទាំងឡាយ វាខំពាំប្រញាយនាំទៅឆីជាចំណីអាហារ
ដ៏មានឈាមនោះរន្ទាលពាសពេញដាសទាំងមហាសមុទ្ទ។
រីឯពោធិសត្វមហាបុរសរ័ត្ននោះសោតព្រះអង្គពុំផិតខ្លាចឡើយ
ទ្រង់ផ្ចង់ស្មារតីនោះខ្ជាប់មហិមាក្រៃមិនសំពះសំបូងសង្រូងទេវតាដូចអស់ឈ្មូញផងទាំងឡាយនោះឡើយ
ព្រះអង្គយកតែប្រេង សប្បិ នូវខណ្ឌស្ករាប្រឡាក់នឹងភោជនាហារ សោយឆ្អែតស្រេចហើយ
ទើបព្រះអង្គយកព្រះអង្គយកព្រះពស្ត្រពីរជ្រលក់ដោយប្រេងចន្ទន៍ ព្រះពស្ត្រមួយនោះ
ព្រះអង្គទ្រង់ ព្រះពស្ដ្រមួយនោះព្រះអង្គក្រវាត់វ័ណ្ឌលោនខ្ជាប់ស្រេចហើយ
ព្រះអង្គលីលាទៅឡើងដើមក្ដោងទតមើលអស់ទិសទាំងពួង ទិសឯណានឹងទៅមិថិលាមហានគរនោះមិញ
ព្រះអង្គកត់សម្គាល់ទិសនោះជាក់ច្បាស់ប្រាកដស្រេចហើយ
ព្រះអង្គស្ទុះលោតអំពីចុងក្ដោងរំលងអស់ត្រីឆ្លាម មករ ពិនទង ក្រពើ អណ្ដើកផងទាំងឡាយហើយហែលទៅ។កាលថ្ងៃដែលពោធិសត្វធ្លាយសំពៅហែលនៅកណ្ដាលសមុទ្ទនោះ
ព្រះបាទបោលជនកនោះមិញសុគតល្មមព្រមថ្ងៃមួយនឹងពោធិសត្វធ្លាយសំពៅនោះហោង។
ចាប់ដើមអំពីថ្ងៃនោះទៅ ព្រះមហាសត្វហែលកណ្ដាលសមុទ្ទអស់៧ថ្ងៃ
ហេតុតែព្រះមានបារមីឫទ្ធានុភាព ក៏ទ្រង់ប្រកបដោយកម្លាំងនោះច្រើន
ទោះជាព្រះអង្គហែលជាគម្រប់៧ថ្ងៃដល់ម្ល៉ោះក្ដី ក៏កម្លាំងព្រះអង្គគង់កំណត់ដដែល។
ព្រះអង្គហែលបណ្ដើរ ងើបរមិលមើលទៅកណ្ដាលអាកាសបណ្ដើរ
ឃើញព្រះចន្ទ្រពេញបូណ៌មីមូលដូច្នោះហើយ ទ្រង់ពិចារណាថា ឱថ្ងៃនេះអើយ ជាថ្ងៃឧបោសថសីលប្រសើរណាស់ហើយហៈនុ
ព្រះអង្គទ្រង់ពិចារណានូវប្រការអម្បាលនោះហើយ
ស្ដេចយកទឹកប្រៃលាងព្រះឱស្ឋស្រេចបរិបូណ៌ ពុំយូរឡើយព្រះអង្គអធិដ្ឋានសីល
ទ្រង់សីលបរិសុទ្ធប្រពៃ នៅឰដ៏កណ្ដាលមហាសមុទ្ទនោះហោង។ល។
[2] សាស្ដ្រាស្លឹករឹតដដែលថាៈ នាងមណីមេខលាទេពធីតារក្សាមហាសមុទ្ទហោះឆ្ពោះទៅត្រង់ពោធិសត្វហើយ នាងឋិតនៅឰដ៏អាកាស ទើបនាងដណ្ដឹងទៅកាន់ពោធិសត្វថា ភោបុរិស ហៃបុរសអើយ ត្វំ រីអ្នក កោ នាម ឈ្មោះអ្វី វាយមសិ មកធ្វើពិធីព្យាយាមហែល សមុទ្ទមជ្ឈេ ឰដ៏កណ្ដាលមហាសមុទ្ទនេះអ្ហិះ សមុទ្ទនេះធំធេងមិនយល់ត្រើយ អ្នកឃើញប្រយោជន៏ដូចម្ដេច បានជាខំ(ឆ្លង)ហែលដល់ម្ល៉េះអ្ហិះ។ លំដាប់នោះពោធិសត្វអ្នកស្ដាប់ពាក្យនាងទេពធីតាស្រដីនូវប្រការអម្បាលនោះហើយ អ្នករំពឹងគិតថា នាំអញហែលទឹកសមុទ្ទជាគម្រប់៧ថ្ងៃនេះហើយ ឥតមានអ្នកឯណាមួយជាគម្រប់ពីរនឹងអញឡើយ ឥឡូវនេះមានអ្នកឯណាមកស្រដីនឹងអញនេះអេះ? ពោធិសត្វគិតនូវប្រការអម្បាលនោះហើយ ព្រះអង្គឆ្មៀងរមិលមើលនៅនាកណ្ដាលអាកាសនោះកូវ យល់នាងទេពធីតាហើយព្រះអង្គបន្ទូលឆ្លើយទៅវិញថា ទេវតេ ហៃនាងទេពធីតាអើយ នាអញសង្វាតហែលទៅកណ្ដាលសមុទ្ទនេះ ពុំគតិអំពើឡើយ។ នាងទេពធីតាស្ដាប់ព្រះបន្ទូលព្រះពោធិសត្វមហាបុរសរ័តន៍ប្រសើរនូវប្រការអម្បាលនោះហើយ ហេតុតែនាងចង់ស្ដាប់នូវធម៌នៃពោធិសត្វ ក៏និយាយថា អ្នកមិនឃើញត្រើយផង ដូច្នេះការព្យាយាមរបស់អ្នកជាការសោះសូន្យទទេ អ្នកមិនដល់ត្រើយទេ មុខជាស្លាប់ក្នុងទឹកនេះមិនខាន។ លំដាប់ពោធិសត្វបន្ទូលឆ្លើយវិញថាៈ ម្នាលទេពធីតា បុគ្គលណាមិនប្រឹងរក្សាជីវិតខ្លួនឯង បែរជាអំពាវនាវឲ្យគេជួយជីវិតទៅវិញ ថែមទាំងបន្ថយសេចក្ដីព្យាយាមផង បុគ្គលនោះគង់ដឹងនូវផលនៃសេចក្ដីខ្ជិលមិនខាន ម្នាលទេវតា ក្រែងនាងបានឃើញដែរឬ
មនុស្សមួយសំពៅលិចបាត់ទៅ នៅតែខ្ញុំហែលមក, បើមិនបានផលអ្វី
ក៏បានត្រឹមតែការជួបនឹងនាងដែរ ខ្ញុំនឹងព្យាយាម តាមសមគួរដល់ការអាច
តាមសមគួរដល់កម្លាំង បើភព្វមាន បានដល់ច្រាំង ខ្ញុំនឹងធ្វើនូវសេចក្ដីព្យាយាមដែរបុរសគួរធ្វើទៀត។ល។
នាងមណីមេខលាទេពតារក្សាសមុទ្ទស្ដាប់ពោធិសត្វមានព្រះបន្ទូលជាក់ដោយនូវប្រការអម្បាលនោះហើយ
នាងសរសើរ... នាងហោះផ្លោះចុះមកបីត្រកងដាក់លើឱរា នាំទៅតម្កល់លើថ្មមង្គលសិលា
នៅនាក្រោមដើមស្វាយ ឲ្យទេពធីតាទាំងឡាយថែរក្សាពោធិសត្វនៅនាឋាននោះហោង។
[3] សាស្ដ្រាស្លឹករឹតបុរាណដដែលថាៈ ស្ដេចលីលាឡើងទៅគង់លើគ្រែបល្ល័ង្គរ័ត្ន អ្នកប្រដាប់នីទៅនូវស្វេតច្ឆ័ត្ររ័ត្នប្រពៃស្រេចហើយនៃ ទើបស្ដេចយកព្រះខ័នហុចទៅឲ្យនាងសីវលីទទួលនាំទៅដាក់ខាងស្ដាំហើយនៃ ទើបដោះព្រះម្កុដហុចទៅ នាងទទួលនាំទៅដាក់ឯក្បាលដំណេក ស្រេចទើបហុចព្រះសុពណ៌បាទុក នាងទទួលទៅដាក់ខាងចុងព្រះបាទ ស្អាតហើយទើបស្ដេចមានព្រះបន្ទូលទៅនឹងអស់មុខមន្ដ្រីអាមាត្យផងទាំងឡាយថា ម្នាលអ្នកទាំងឡាយអើយ នាគ្រែរតនបល្ល័ង្គដឹងជាក្បាលដេក ចុងជើងឆ្វេង ស្ដាំ ស្រេចហើយ តើអ្នកទាំងឡាយសម្ដែងអ្វីមកវិញទៀត។ល។
[4] សម្បត្តិខាងក្នុងរបស់ព្រះអង្គគឺ សីល សមាធិ បញ្ញា។
[6] ឈឹម ស៊ុម សង្ខេបទសជាតក បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៥៩។
No comments:
Post a Comment