សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានវិសាលភាពទឹកដីធំទូលាយនៅឥណ្ឌូចិន។
ផ្ទៃដីនៃប្រទេសកម្ពុជាមួយភាគធំជាវាលទំនាបដែលអំណោយផលដល់វិស័យកសិកម្ម។
ប្រជាជនកម្ពុជាភាគច្រើនជាកសិករប្រកបរបរជាកសិកម្ម។
វិស័យកសិកម្មនេះក៏បានផ្តល់ជាប្រភពចំណូលយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ហេតុនេះហើយទើបមានមតិមួយពោលថា
"សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម"។
មុននឹងបកស្រាយប្រធានខាងលើបឋមយើងគប្បីយល់នូវពាក្យ "សេដ្ឋកិច្ច
និងកសិកម្ម" ជាមុនសិន។ សេដ្ឋកិច្ចមានន័យថា កិច្ចការដ៏ឧត្តម
ឬកិច្ចការដល់ប្រសើរ។ ឯកសិកម្មសំដៅលើការធ្វើស្រែ ចំការច្បារដំណាំផ្សេងៗ។
ជាការពិតណាស់តាំងពីដើមរៀងមកប្រជាជនខ្មែរប្រមាណ៨៥%បានប្រកបរបរកសិកម្មសម្រាប់ចិញ្ចឹមជីវិតដូចជាធ្វើស្រែ
ចំការ ចិញ្ចឹមសត្វជាដើម
ប្រជាជនខ្មែរខិតខំខ្មីឃ្មាតដាំដុះដំណាំគ្រប់មុខក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
នេះគឺមកពីកសិករខ្មែរមិនមែនជាមនុស្សខ្ជិលច្រអូសនោះទេ
ហើយពួកគេសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងមុខរបរនេះកសិករខ្មែរបានប្រែក្លាយផ្ទៃដីទាំងឡាយឲ្យទៅជាកម្រាលព្រំពណ៌មាសសម្រាប់ស្ថាបនាប្រទេសជាតិ
និងនាំចេញទៅលក់នៅបរទេសទៀតផង។ មួយទៀតសោត
សណ្ឋានដីប្រទេសកម្ពុជាក៏មានអំណោយផលទៅលើដំណាំកសិកម្មធ្វើឲ្យដំណាំទាំងឡាយដុះលូតលាស់ល្អគ្រប់ទី
ជាក់ស្តែងនៅខេត្តបាត់ដំបងជាជង្រុកស្រូវយ៉ាងធំដែលចិញ្ចឹមប្រជាជនខ្មែរទូទាំងប្រទេស
និងនាំចេញទៅបរទេសបានយ៉ាងច្រើន។
ក្រៅពីដំណាំស្រូវនេះនៅមានដំណាំផ្សេងៗទៀតដូចជាក្រចៅ ពោត សណ្តែក ល្ង
កៅស៊ូ...។ល។ សុទ្ធតែផ្តល់ផលយ៉ាងច្រើន
និងមានគុណតម្លៃជាអនេកប្បការដល់សេដ្ឋកិច្ចជាតិ។
កត្តារួមចំណែកដែលធ្វើឲ្យវិស័យកសិកម្មរីកចម្រើនបានល្អនោះមកពីប្រទេសកម្ពុជាយើងមានផ្លូវទឹកខ្វាត់ខ្វែងជាច្រើន
ដូចជាទន្លេ ស្ទឹងបឹងបួ ព្រែក...តែងនាំដីល្បាប់ដ៏មានជីជាតិមកគ្រប់ទីកន្លែង
និងផ្តល់ទឹកស្រោចស្រពដំណាំនានា
ដែលកាន់តែធ្វើឲ្យដំណាំមានទិន្នផលខ្ពស់សម្រាប់នាំចេញទៅលក់បានច្រើនដោយដំណាំយើងពុំមានសារធាតុគីមី។សរុបសេចក្តីមក
ឃើញថាមតិដែលលើកឡើងថា
"សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម"
ពិតជាសមហេតុផលមែន។
តើសេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកតែលើវិស័យកសិកម្មតែមួយផ្នែក
ឬយ៉ាងណា? ប៉ុន្តែបើយើងពិនិត្យឲ្យដិតដល់ទៅឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជា
ពុំពឹងផ្អែកតែលើវិស័យកសិកម្មមួយនោះទេ។
យើងត្រូវតែដឹងថាសេដ្ឋកិច្ចមានមែកធាងរបស់វាជាច្រើនរួមផ្សំគ្នាដូចជា
ពាណិជ្ជកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ជាដើម។
ដោយប្រទេសកម្ពុជាយើងសំបូរដោយធនធានធម្មជាតិដ៏សំបូរបែប
និងបុរាណប្រាសាទជាច្រើនប្រកបដោយក្បូរក្បាច់រចនាល្អប្រណិតនោះ
វិស័យទេសចរណ៍ក៏ចូលរួមជួយសេដ្ឋកិច្ចជាតិដែរតាមរយៈភ្ញៀវទេសចរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាតាមតំបន់រមណីយដ្ឋាននានា
ទាំងរមណីយដ្ឋានធម្មជាតិ ទាំងរមណីយដ្ឋានវប្បធម៌។
ភ្ញៀវទេសចរទាំងនោះហើយដែលជាប្រភពចំណូលថវិកាមួយចំណែកជួយបំពេញនូវកញ្ចប់សេដ្ឋកិច្ចជាតិដែរ។
ពួកវិនិយោគទុនធំៗបានមករកស៊ីបណ្តាក់ទុននៅស្រុកខ្មែរដោយបង្កើតរោងចក្រសហគ្រាសផ្សេងៗ
ជួយធ្វើឲ្យប្រជាជនមានការងារធ្វើ មានមុខរបររកស៊ីគ្រប់ៗគ្នា។
ជាងនេះទៅទៀតការរកស៊ីជួញដូរទំនិញធំៗពីប្រទេសយើងទៅបរទេស
និងពីបរទេសមកប្រទេសយើងក៏កំពុងចរចារយ៉ាងគគ្រឹកគគ្រេងផងដែរ
ដែលធ្វើឲ្យចំណូលពន្ធគយកាន់តែកើនឡើង ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ចំពោះវិស័យគមនាគមន៍ក៏ដូច្នោះដែរ
រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលក្នុងការចរាចរទៅមក ទាំងផ្លូវគោក
និងផ្លូវអាកាស ដើម្បីឲ្យទេសចរបានធ្វើដំណើរដោយសុវត្ថិភាព
និងងាយស្រួលក្នុងការដឹកទំនិញនានាទៅវិញទៅមក។ សរុបសេចក្តីមក យើងឃើញថា
សេដ្ឋកិច្ចប្រទេសកម្ពុជាពុំមែនពឹងផ្អែកទាំងស្រុងតែលើវិស័យកសិកម្មនោះទេ។
និយាយរួមការអភិវឌ្ឍសេដ្ឋកិច្ចមិនមែនពឹងផ្អែកតែលើវិស័យកសិកម្មមួយទេ
ត្រូវរួមផ្សំបន្ថែមលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនគមន៍
អប់រំការពារជាតិជាដើម។
ដូចនេះប្រធានខាងលើពុំទាន់មានលក្ខណៈពេញលេញទេ
ព្រោះថាការអភិវឌ្ឍត្រូវតែមានភាពស៊ីចង្វាក់គ្នារវាងវិស័យដទៃៗទៀត
ទើបជាការល្អប្រសើរ។ ម្យ៉ាងវិញទៀតសព្វថ្ងៃនេះ
រាជរដ្ឋាភិបាលកំពុងតែមមាញឹកយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគ្រប់វិស័យទាំងអស់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
និងលើកកំពស់កម្រិតជីវភាពប្រជាពលរដ្ឋយើងឲ្យលើប្រសើរ
សក្តិសមជាប្រទេសធ្លាប់មានកិត្តិយសល្បីល្បាញលើឆាកអន្តរជាតិ។
No comments:
Post a Comment