មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន (ប្រធានបែបពិភាក្សា)
សេចក្តីអធិប្បាយ
មនុស្សម្នាក់ៗនៅលើពិភពលោកយើងនេះ
សុទ្ធតែមានបំណងប្រាថ្នាចង់រស់នៅមានសុភមង្គល មានកិត្តិយស
មានការងារល្អធ្វើនៅក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលបំណងនេះ
លុះត្រាតែម្នាក់ៗតោងចាប់យកចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ
លុះត្រាតែម្នាក់ៗតោងចាប់យកចំណេះវិជ្ជាឲ្យបានមត់មាំ និងជ្រៅជ្រះ
ទើបជីវិតមានភាពភ្លឺស្វាងត្រចះត្រចង់។ ហេតុដូច្នេះហើយទើបមានមតិមួយលើកឡើងថា
"មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន"។
តើមតិនេះត្រឹមត្រូវដែរ ឬទេ?
មុននឹងពិភាក្សាវែកញែកនូវប្រធានខាងលើឲ្យបានក្បោះក្បាយហើយគប្បីយល់នូវពាក្យខ្លះៗជាមុនសិន។
ចំណេះវិជ្ជាមានន័យថា
ចំណេះដឹងសព្វបែបយ៉ាងដែលកើតពីការរៀនសូត្រគ្រប់មុខវិជ្ជា។
ឯភាពថ្លៃថ្នូរមានន័យថាភាពដែលគួរឲ្យអ្នកផងស្រឡាញ់រាប់អាន និងកោតសរសើរ។
ប្រធានបទខាងលើនេះចង់និយាយថាមានតែចំណេះដឹងតែមួយមុខគត់ដែលធ្វើឲ្យមនុស្សមានតម្លៃ
មានការកោតសរសើរ និងមានការស្រឡាញ់រាប់អានពីអ្នកដទៃ។
ជាការពិតណាស់ មានតែចំណេះវិជ្ជាទេដែលបានជួយមនុស្សឲ្យថ្កុំថ្កើងបាន
ព្រោះចំណេះគឺជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយ
គេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរបានគ្រប់យ៉ាងតាមជំនាញរបស់គេ។
ទ្រព្យនៃចំណេះវិជ្ជាគឺជាអរិយទ្រព្យ គឺទ្រព្យដ៏ប្រសើរ ងាយទុកស្រណុកដាក់
ពេលទៅណាមកណាមិនពិបាកវេចស្ពាយតាមផ្លូវដូចទ្រព្យនានា។ ទ្រព្យនេះចោរលួចមិនបាន
ភ្លើងឆេះមិនដល់ កាលណាគេប្រើកាន់តែច្រើនកាន់តែចម្រើនឡើងថែមទៀត។
លើសពីនេះទៅទៀតចំណេះវិជ្ជាគឺជាអាវុធដ៏មុតថ្លាអាចកាប់ឆ្ការបាននូវឪបសគ្គតូចធំទាំងពួងបាន។
សូម្បីតែព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ
ជាកវីខ្មែរដ៏ឆ្នើមមួយរូបក៏បានលើកតម្កើងពីតម្លៃនៃការវិជ្ជានេះដែរ
ដូចត្រង់ចំណុចថា "បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ"។
ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរក៏បានលើកឡើងពីគុណប្រយោជន៍នៃចំណេះវិជ្ជាតាមរយៈរឿងនីមួយៗដូចជាធនញ្ជ័យពេលទៅនៅស្រុកចិន
ធនញ្ជ័យចេះធ្វើនំបញ្ចុកលក់ដោះស្រាយបញ្ហាជីវភាព។ លុះជាប់គុកសំរិទ្ធ
ធនញ្ជ័យចេះធ្វើខ្លែងឯកបញ្ឆោតស្តេចស្រុកចិនបានរួចខ្លួនចេញពីគុកវិញ។
រីឯនៅក្នុងរឿង "ទុំទាវ" នេះទុំ
និងពេជ្រចេះស្មូត្របានយ៉ាងពិរោះធ្វើឲ្យអ្នកភូមិស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា។
ចំណែកក្នុងរឿង "រាមកេរ្តិ៍" ព្រះរាមមានចំណេះវិជ្ជាយ៉ាងខ្លាំងក្លា
ធ្វើឲ្យព្រះរាមអាចលើកធ្នូសរបស់ព្រះបាទជនកបាន
កិត្តិយសព្រះរាមល្បីរន្ទឺពេញឋានទាំងបី។ បើយើងក្រឡេកទៅមើលចៅចិត្រ ក្នុងរឿង
"កុលាបប៉ៃលិន" វិញ ក៏មិនអន់ដែរពីឋានៈជាកម្មករជីកត្បូង
រហូតក្លាយជាអ្នកកាន់បញ្ជី និងជាកូនប្រសាររបស់ថៅកែត្បូងថែមទៀត
ក៏ដោយសារចៅចិត្របានប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំក្របជញ្ជក់ទុកមក។
សរុបសេចក្តីមក ឃើញថាមានតែចំណេះវិជ្ជានេះហើយដែលនាំឲ្យមនុស្សមានភាពថ្លៃថ្នូរ
ឧត្តុង្គឧត្តមបាន។
តើចំណេះវិជ្ជាសុទ្ធតែអាចដឹកនាំមនុស្សឲ្យទៅរកភាពថ្លៃថ្នូរបានទាំងអស់
ឬយ៉ាងណា? មិនដូច្នេះទេ
ចំណេះវិជ្ជាមួយមុខមិនអាចដឹកនាំមនុស្សឲ្យមានភាពថ្លៃថ្នូរបានឡើយ
ត្រូវមានកត្តារួមផ្សេងទៀត គឺសីលធម៌។ មានន័យថាបើមានតែចំណេះវិជ្ជា
តែខ្វះសីលធម៌ប្រាកដជាយកទៅអនុវត្តខុសទិសដៅ ឬប្រយោជន៍រួមហើយ
គឺបំពេញតែមហិច្ចតាផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ឧទាហរណ៍ អាវុធប្រល័យលោក
បំផ្លាញពិភពលោកទាំងមូលឲ្យវិនាសហិនហោច ឬអ្នកខ្លះយកចំណេះទៅផលិតថ្នាំញៀន
ធ្វើឲ្យចលាចលពេញសង្គមទាំងមូល។ នេះបញ្ជាក់ថា ចំណេះវិជ្ជាបើគ្មានសីលធម៌ទេ
ទោះជាចេះយ៉ាងណាក៏ដោយក៏គ្មានតម្លៃសម្រាប់មនុស្សជាតិ ឬឲ្យគេគោរពដែរ។
ប៉ុន្តែបើចំណេះវិជ្ជាគួបផ្សំនឹងសីលធម៌ទៀត
ប្រាកដជាធ្វើឲ្យបុគ្គលនោះកាន់តែមានគុណតម្លៃលើសលប់សម្រាប់ជនទាំងពួងមិនខាន។
ដូចជាអាចារ្យហែមចៀវ លោកបានយកចំណេះវិជ្ជារបស់ខ្លួនប្រកបដោយសីលធម៌
វិចារណញ្ញាណទៅបម្រើឧត្តមប្រយោជន៍ជាតិ តស៊ូទាមទារឯករាជ្យពីបារាំង។
កិត្តិនាមរបស់លោកត្រូវបានកូនចៅខ្មែរចារទុកក្នុងគ្រាំងប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន។
ចំណែកព្រះបាទជ័យវរ្ម័នទី៧
ក៏ដូចជាព្រះនាងឥន្ទ្រទេវីក្សត្រទាំងពីរបានប្រើប្រាស់ចំណេះរបស់ខ្លួនចំទិសដៅ
ដោយតំកល់សុខទុក្ខរបស់រាស្ត្រក៏ដូចជាវាសនាអនាគតប្រទេសជាតិជាធំ
នេះគឺជាគុណធម៌ថ្លៃថ្លាដែលកុលបុត្រខ្មែរមួយណាទទួលស្គាល់
និងកោតស្ញប់ស្ញែងគ្រប់គ្នា។ ដូចនេះទោះជាចំណេះវិជ្ជាមានគ្រប់យ៉ាង
យ៉ាងណាក៏ដោយក៏ពុំអាចខ្វះសីលធម៌បានឡើយ។
និយាយរួមតម្លៃរបស់មនុស្សក៏ត្រូវពឹងផ្អែកលើសីលធម៌ដែរ។
ការលើកឡើងក្នុងមតិស្របពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ
ព្រោះគំនិតនេះត្រូវតែមួយជ្រុងប៉ុណ្ណោះ
ទាល់តែបន្ថែមគំនិតក្នុងមតិផ្ទុយទៀតទើបគ្រប់គ្រាន់។
ដូច្នេះចំណេះវិជ្ជាដាច់ខាតត្រូវមានសីលធម៌
ទើបលើកតម្លៃមនុស្សឲ្យថ្លៃថ្នូរពិតប្រាកដ។
ជាយោបល់បញ្ចប់
ឃើញថាមតិរបស់ប្រធានលើកឡើងពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ
ដូច្នេះសូមនរជនទាំងឡាយត្រូវតែខិតខំស្វាធ្យាយរៀនរកចំណេះមកទុកដាក់ក្នុងប្រាណ
គួបផ្សំនឹងសីលធម៌ដ៏ល្អផូរផង់ដែលបព្វបុរសយើងបន្សល់ទុកមក
នោះនឹងមានសុភមង្គលក្នុងគ្រួសារក៏ដូចជាជួយអភិវឌ្ឍសង្គមបានចំទិសដៅជានិរន្តរ៍។
No comments:
Post a Comment