រឿង រាមកេរ្តិ៍ [៣]
ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ
ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិសនាគសម្រាប់សម្លាប់ទ័ពព្រះរាម។
ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។
ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។
ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជាច្រើន។ ព្រះរាម
ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ
ក៏បន់ស្រន់ទេវតាសូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ
ព្រះលក្ស្មណ៍ក៏បានថ្លែងសរសម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។
រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារជីវិត។
ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់
ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យសម្លាប់មនុស្សឥតទោសទេ។
ក្រុងរាពណ៍យល់ព្រម
ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។
អស់សង្ឃឹម
រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។
សង្រ្គាមក៏បានបញ្ចប់ ហើយនាងសីតាក៏ត្រូវបានរំដោះបាន។
ថ្ងៃមួយពេលដែលព្រះរាម
ព្រះលក្ស្មណ៍ទៅក្រសាលព្រៃ
នាងសីតានៅក្នុងវាំងអផ្សុកពេកក៏នាំភិលៀងទៅស្រង់ទឹក។
ក្រោយមកព្រះនាងបានគូររូបក្រុងរាពណ៍
ហើយលុបវិញមិនជ្រះដោយសារចាញ់បោកយក្ខិណីម្នាក់ឈ្មោះអាតុល័យ
ដែលត្រូវជាប្អូនរបស់រាពណ៍មកសងសឹក។ នៅពេលព្រះរាមយាងមកវិញ
នាងសីតាភ័យស្លន់ស្លោក៏យកក្តារគំនូរទៅលាក់ក្រោមក្រឡាបន្ទំរបស់ស្វាមី។
ព្រះរាមក្តៅក្រហាយ ផ្ទុំមិនលក់ដេញកាប់គេឯងពេញក្នុងវាំង។
លុះព្រះលក្ស្មណ៍រកក្តារគំនូរឃើញហើយនាងសីតាសារភាពការពិតនោះ
ព្រះរាមបន្ទោសនាងយ៉ាងខ្លាំង
ហើយបញ្ជាឲ្យព្រះលក្ស្មណ៍យកនាងសីតាទៅប្រហារជីវិតទាំងរាត្រី។
ព្រះលក្ស្មណ៍យល់ថានាងសីតាល្អបរិសុទ្ធពុំហ៊ានសម្លាប់ព្រះនាងឡើយ
ហើយសូមឲ្យព្រះនាងចេញឲ្យផុតទៅ។
ប៉ុន្តែនាងសីតាពោលពាក្យគំរោះគំរើយដើម្បីឲ្យព្រះលក្ស្មណ៍ខឹងឆាប់សម្លាប់នាង។
ព្រះលក្ស្មណ៍លើកដាវប្រុងសម្លាប់នាងពីរដងតែដាក់ចុះវិញ។ នៅលើកទី៣
ព្រះលក្ស្មណ៍ធ្មេចភ្នែក ហើយលើកព្រះខ័នកាប់នាងសីតាទាល់តែសន្លប់ខ្លួនឯង។
ប៉ុន្តែព្រះនាងសីតាពុំស្លាប់
ព្រោះព្រះខ័នរបស់ព្រះលក្ស្មណ៍ក្លាយទៅជាកម្រងផ្កា ដោយសច្ចធម៌របស់នាងជួយ។
ពេលដែលព្រះលក្ស្មណ៍លានាងសីតាត្រឡប់មកវិញ
ព្រះឥន្ទ្របាននិមិ្មតជាសត្វទ្រាលមកដេកស្លាប់ក្បែរផ្លូវដើម្បីឲ្យព្រះលក្ស្មណ៍វះយកថ្លើមមកថ្វាយព្រះរាមឲ្យបានមុនថ្ងៃរះ។
ព្រះរាមបានត្មះតិះដៀលនាងសីតាម្តងហើយ ម្តងទៀតថាចិត្តអាក្រក់ពន់ពេកណាស់
នៅពេលឃើញថ្លើមសត្វទ្រាល។
នាងសីតាបានដើរកាត់ព្រៃដោយភិតភ័យ។
ពេលនោះព្រះឥន្ទ្របានកាឡាខ្លួនជាមហិង្សាមកនាំនាងទៅកាន់អាស្រមឥសីវេជ្ជប្រិតដោយសុវត្ថិភាព។
លុះគម្រប់ទសមាសនាងបានប្រសូតបុត្រក្រោមការឧបត្ថម្ភរបស់ឥសីវេជ្ជប្រិត។
ថ្ងៃមួយនាងសីតាទៅកំពង់ដងទឹក
ឃើញស្វាញីបីកូនពីមុខក្រោយជាប់នឹងខ្លួនយល់ថាជាការប្រសើរ
ក៏វិលមកយកបុត្រទៅជាមួយដោយមិនឲ្យឥសីដឹង។ ឥសីបើកភ្នែកមកមិនឃើញចៅភិតភ័យណាស់
ក៏ជបក្មេងមួយទៀតឲ្យដូចកុមារមុន។ លុះឃើញនាងសីតាបីកូនមកវិញ ឥសីអរផងភ័យផង
ក៏តាំងស្តីបន្ទោសនាងយ៉ាងខ្លាំង។
ឥសីប្រុងនឹងរំលាយកុមារនោះចោល
ប៉ុន្តែនាងសីតាបានអង្វរសុំឲ្យព្រះអង្គទុកជីវិតដើម្បីឲ្យបានជាគ្នានឹងកូននាង។
ឥសីដាក់នាមបុត្រនាងសីតាថារាមលក្ស្មណ៍ ហើយបុត្រដែលជបឈ្មោះថាជប្បលក្ស្មណ៍។
អាយុ១០ឆ្នាំ ឥសីបានបង្រៀននូវសិល្ប៍សាស្រ្តគម្ពីរវេទ
និងវិជ្ជាបាញ់ធ្នូសរយ៉ាងស្ទាត់ជំនាញ។ ថ្ងៃមួយកុមារទាំងពីរលាមាតាទៅលេងព្រៃ
រាមលក្ស្មណ៍បានថ្លែងសរកម្ទេចដើមរាំងមួយដ៏ធំមានស្លឹកបាំងព្រះអាទិត្យជិតឲ្យរលំបាក់បែកខ្ចាត់ខ្ចាយរហូតធ្វើឲ្យពួកទេវៈរំជើបរំជួលគ្រប់ទិសទី
ហើយនាងសីតាក៏សរសើរបុត្រថាខ្លាំងពូកែដូចព្រះរាមបិតាដែរ។
កាលនោះនាងសីតាក៏ប្រារព្ធនិទានរឿងរបស់ខ្លួន
និងព្រះរាមឲ្យព្រះរាជបុត្រស្តាប់តាមសំណូមពរ។
សព្ទសររបស់ព្រះរាជកុមារបានធ្វើឲ្យអ្នកស្រុកព្ធយុធ្យា
និងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះរាមឲ្យហោរាទស្សន៍ទាយ។
ហោរាពុំគ្រាន់តែទូលថាមានអ្នកមានឫទ្ធិមកល្បងឫទ្ធិប៉ុណ្ណោះទេ
ប៉ុន្តែសុំឲ្យព្រះរាមលែងសេះអស្សតរ ឲ្យដើរចេញដោយមានរាជសារភ្ជាប់នឹងក
ហើយឲ្យហនុមានដើរចាំឃ្លាំមើលពីក្រោយផង។ ឯសេចក្តីក្នុងសារនោះមានជាអាទិ៍ថា "បើនរណាពុំថ្វាយបង្គំសេះព្រះរាមទេនោះ នឹងត្រូវចាប់យកទៅធ្វើទោស"
ព្រះរាមធ្វើតាមហោរា ដោយឲ្យហនុមានតាមឃ្លាំមើលពីក្រោយសេះ ហើយឲ្យព្រះភិរុត
និងព្រះសុត្រុតលើកទ័ពពីក្រោយហនុមានថែមទៀត។
ប៉ុន្តែមុននឹងចេញដំណើរទៅព្រះរាមបានប្រទានអាវក្រោះទៅឲ្យព្រះអនុជម្នាក់មួយៗទុកការពារខ្លួន។
មុននឹងធ្វើដំណើរទៅព្រៃម្តងទៀត
រាជកុមារត្រូវម្តាយហាមឃាត់យ៉ាងខ្លាំងដោយនាងភ័យខ្លាចពីផលវិបាកនៃការថ្លែងសរពីថ្ងៃមុនផង
ហើយនិងអំពីការពុំទាន់ចេះធ្វើសង្គ្រាមនៃក្មេងទាំងពីរផង។
រាជកុមារឃើញសាររបស់ព្រះរាមក៏ចាប់សេះជិះលេង
ដោយយល់ថាបើម្ចាស់គេមកសុំនឹងឲ្យគេវិញ។
ពេលនោះហនុមានបានស្ទុះមកចាប់កុមារទាំងពីរ
ប៉ុន្តែត្រូវរាជកុមារវាយនឹងធ្នូសរដួលសន្លប់នៅលើព្រះធរណី។ លុះត្រូវព្រះពាយ
ហនុមានដឹងខ្លួនឡើងវិញ
ហើយកាឡាខ្លួនជាស្វាព្រៃតួចមួយចូលទៅល្បងលួងលោមបញ្ឆោតក្មេងទាំងពីរតែម្តង។
រាជកុមារបានវាយវ័ធហនុមាននឹងធ្នូសរសន្លប់ម្តងទៀត
និងបោចវល្លិដ៏តូចមួយចងស្លាបសេកហើយយកឈើមកសាក់មុខបញ្ជូនទៅឲ្យព្រះរាមជួយស្រាយចំណងចេញ។
ហនុមានខំរើបម្រះយ៉ាងណាក៏មិនរួច
ហើយព្រះភិរុតជួយស្រាយចំណងចំពោះមុខមហាមន្ត្រីធំៗនៅតែស្រាយមិនរួច។
ព្រះរាមស្រាយចំណងរួច ហើយក៏ប្រើហនុមាននាំព្រះភិរុតចូលច្បាំងចាប់កុមារ។
ដំបូងឡើយរាជកុមារមានជ័យជំនះទាំងខាងវាចា ទាំងខាងឫទ្ធានុភាព។
ពលស្វាត្រូវជាប់ចំណង ហើយហនុមានត្រូវរាជកុមារវាយសន្លប់ជាលើកទី៣។
ទីបំផុតព្រះភិរុត
និងព្រះសុត្រុតដឹងខ្លួនឡើងវិញដោយអំណាចអាវក្រោះរបស់ព្រះរាម
ហើយបានថ្លែងសរត្រូវរាមលក្ស្មណ៍ដួលសន្លប់។
ហនុមានស្ទុះទៅអូសក្មេងនេះទៅថ្វាយព្រះរាម។ ចំនែកជប្បលក្ស្មណ៍រត់រួចខ្លួន។
ព្រះរាមចាត់ឲ្យសេនាចាប់រាជកុមារបណ្តើរអាក្រោសនៅជុំវិញព្រះរាជធានី
ហើយឲ្យយកទៅឃុំឃាំងទុកសម្លាប់ក្នុងរវាងបីថ្ងៃទៀត។
ពេលនោះមិនត្រឹមតែប្រជាពលករក្នុងព្ធយុធ្យាប៉ុណ្ណោះទេដែលយំអាណិតកុមារ
សូម្បីតែទេវៈរក្សាព្រះរាជធានីក៏ជួយអាណិត
ហើយចុះមកជួយឧបត្ថម្ភកុមារឲ្យបានធូរស្រាលអំពីទុក្ខដែរ។
ជប្បលក្ស្មណ៍បានយកដំណឹងដ៏ក្រៀមក្រំនេះទៅថ្វាយព្រះមាតា
ដោយធ្វើឲ្យព្រះនាងសោយសោកទាល់តែសន្លប់។ ប៉ុន្តែឥសីធ្វើឲ្យព្រះនាងដឹងខ្លួន
និងជួយទស្សន៍ទាយឲ្យនាងមានសង្ឃឹមឡើងវិញ។
ជប្បលក្ស្មណ៍បានយកចិញ្ចៀនមាតាមួយវង់ដើម្បីទៅតាមរកព្រះជេដ្ឋា។
លុះទៅដល់ជិតក្រុងព្ធយុធ្យា
ជប្បលក្ស្មណ៍លឺអ្នកស្រុកជំនុំគ្នាថាបងត្រូវស្លាប់នៅថ្ងៃស្អែក
ក៏តាំងពួនយំនៅក្នុងព្រៃ ហើយអធិដ្ឋានឲ្យទេវៈជួយ។
ព្រះឥន្ទ្របានចាត់ឲ្យនាងទេពរម្ភាមកជួយរាជកុមារ។
ជប្បលក្ស្មណ៍បានលួចផ្ញើចិញ្ចៀនទៅព្រះជេដ្ឋានៅក្នុងក្អមទឹកដែលនាងធ្វើជាទូលទៅឲ្យអ្នកទោស។
ដោយពិធីដង់ទឹកនោះហើយនិងមាយាស្ត្រីច្រើនផង
នាងទេពរម្ភាអាចចូលទៅរំដោះរាមលក្ស្មណ៍ជួបជុំបងប្អូនដោយសុវត្ថិភាព។
No comments:
Post a Comment