ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)
សេចក្តីអធិប្បាយ
នៅក្នុងសកលលោកយើងនេះ
គេសង្កេតឃើញប្រទេសដែលនៅភូមិផងក្បែររបងជាមួយគ្នា
តែងតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកលើគ្រប់វិវស័យ។
ក្នុងនោះដែរគេសង្កេតឃើញការប្រើប្រាស់ភាសាខ្មែរភាគច្រើនបានខ្ចីមកពីភាសាបាលីសំស្រ្កឹត
ដែលជាហេតុនាំឲ្យមានទស្សនៈមួយពោលថា "ភាសាបាលី
សំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។
តើមតិខាងលើនេះត្រឹមត្រូវដែរ ឬទេ?
ដើម្បីជាជំនួយក្នុងការបកស្រាយវែកញែករកឲ្យឃើញច្បាស់នូវទស្សនៈខាងលើ
ជាបឋមយើងត្រូវយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ "ភាសា" គឺជាពាក្យ
ឬសម្តីដែលប្រើសម្រាប់ទាក់ទងគ្នា ឬសម្តែងមនោសញ្ជេតនាប្រាប់គ្នាទៅវិញទៅមក។
"ម្តាយ" ជាអ្នកបង្កើត ឬជាអ្នកឲ្យកំណើត។ តាមន័យរបស់ប្រធានខាងលើ គឺភាសាបាលី
សំស្រ្កឹតជាអ្នកឲ្យកំណើតដល់ភាសាខ្មែរ។
តាមទស្សនៈដែលថាភាសាបាលី
សំស្រ្កឹតជាម្តាយនៃភាសានោះគឺពិតជាប្រាកដណាស់
ព្រោះថាភាសាបាលីសំស្ក្រឹតមានដើមកំណើតនៅឥណ្ឌា
ហើយបើតាមប្រវត្តិសាស្ត្រខ្មែរឃើញថាខ្មែរមានទំនាក់ទំនងជាមួយឥណ្ឌាតាំងពីសតវត្សទីមួយមកម្ល៉េះ។
ដូច្នេះឥណ្ឌាប្រាកដជាបាននាំភាសាបាលី សំស្រ្កឹតមានកម្រិតខ្ពស់
និងបរិមាណច្រើនណាស់ក្នុងភាសាខ្មែរយើង ទាំងភាសានិយាយ និងសរសេរ។
ឧទាហរណ៍សិលាចារឹករបស់ខ្មែរសុទ្ធតែសរសេរជាភាសាបាលី សំស្រ្កឹត
រីឯការប្រាស្រ័យទាក់ទងគ្នានៅសម័យមុនគឺយកភាសាបាលីសំស្រ្កឹតជាភាសាយាន
ឬភាសាផ្លូវការទៀតផង។
រហូតមកដល់បច្ចុប្បន្ននេះភាសាបាលីសំស្រ្កឹតនៅតែមានឥទ្ធិពលលើភាសាខ្មែរភាគច្រើនដដែល។
ឧទាហរណ៍ ស្ថាប័ត្យកម្ម វប្បធម៌ ឯករាជ្យ សិល្ប៍...។ល។
មិនតែប៉ុណ្ណោះនៅតាមវត្តអារាមការប្រើប្រាស់ភាសាបាលីសំស្រ្កឹតនៅតែពេញនិយម
គឺព្រះសង្ឃសូត្រធម៌ជាភាសាបាលី
សំស្រ្កឹតទោះសម្រាយជាខ្មែរក៏នៅតែសូត្រជាភាសាបាលីសំស្រ្កឹតដូចមុនដដែល។
ភស្តុតាងមួយទៀតនេះ គឺផ្អែកទៅលើការស្រាវជ្រាវធំៗអន្តរជាតិដូចជា លោក J. Tau
Pan ថា "ភាសាបាលី សំស្រ្កឹតជាមាតានៃភាសាខ្មែរ"។
សរុបសេចក្តីមកផ្អែកលើភស្តុតាងខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថាភាសាបាលី
សំស្ក្រឹតពិតជាមាតានៃភាសាខ្មែរមែន។
ផ្ទុយទៅវិញបើយើងពិនិត្យឲ្យល្អិតល្អន់ម៉ត់ចត់ជាងនេះទៅទៀតឃើញថាភាសាបាលីសំស្រ្កឹតពុំមែនជាមាតានៃភាសាខ្មែរទេ។
និយាយដូចនេះ ព្រោះថាភាសាខ្មែរមានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ
គឺតាំងពីកំណកំណើតមនុស្សខ្មែរមកម៉្លេះ គឺប្រមាណ ៥០០០ឆ្នាំមុនគ.ស។
លើសពីនេះទៅទៀត
ភាសាខ្មែរត្រូវបានពួកភាសាវិទូចាត់ចូលក្នុងអំបូរភាសាធំៗគឺអំបូរ "ខ្មែរមន"
ខុសពីភាសាបាលីសំស្ក្រឹតរបស់ឥណ្ឌាស្ថិតនៅក្នុងអំបូរ "ឥណ្ឌូអឺរ៉ុប"។
ដូចគ្នានេះដែរភស្តុតាងដែលយើងហ៊ានកំណត់ច្បាស់ថាភាសាបាលីសំស្ក្រឹតមិនមែនជាម្តាយនៃភាសាខ្មែរ
គឺនៅត្រង់ភាសាខ្មែរមានលក្ខណៈពិសេសប្លែកពីបាលីសំស្ក្រឹតដូចជា
ក្នុងការបន្លឺសម្លេង ភាសាខ្មែរគ្មានការលើកដាក់សម្លេងទេ
ហើយមានចំនួនព្យាង្គតិច (ពីរព្យាង្គយ៉ាងច្រើន)
ខុសពីភាសាបាលីសំស្កឹ្រតមានចំនួនព្យាង្គច្រើន (បួន ឬប្រាំព្យាង្គ)។
ចំណែកស្រៈ និងព្យញ្ជនៈខ្មែរមានមូលភេទ អ អ៊
ហើយមានស្រៈកប់តួនៅក្នុងព្យាង្គទៀតផង។
លក្ខណៈពិសេសមួយទៀតគឺការបង្កើតពាក្យខ្មែរមានប្រើវិធីកំលាយដោយផ្នត់ដើម
និងផ្នត់ជែក និងវិធីបន្សំ។ ឧទាហរណ៍ កើត > បង្កើត, កំណើត, ខ្នើត...។
ចំពោះលិង្គ និងវចនៈវិញភាសាខ្មែរគ្មានទេ ប៉ុន្តែយើងប្រើពាក្យសម្គាល់ដូចជាញី
ឈ្មោល...។
ម្យ៉ាងវិញទៀតភាសាខ្មែរក៏គ្មានក្បួនសម្ព័ន្ធងាយស្រួលក្នុងការបង្កើតប្រយោគ
ព្រមទាំងមិនមានវិភត្តិដូចជាភាសាបាលីសំស្រ្កឹតទេ។
ប្រការសំខាន់គឺភាសាខ្មែរមានការវិវត្តិចំនួន៣ដំណាក់កាលមកហើយ
គឺភាសាខ្មែរបុរាណ (ចាប់ដើមកំណើតមនុស្សខ្មែរ រហូតដល់សតវត្សទី១៥)
ភាសាខ្មែរកណ្តាល (ចាប់ពីសតវត្សទី១៦ រហូតដល់សតវត្សទី១៩)
និងភាសាខ្មែរបច្ចុប្បន្ន (ចាប់ពីសតវត្សទី២០ រហូតមក)។
សរុបសេចក្តីមកភាសាបាលីសំស្ក្រឹតមិនមែនជាភាសាមេនៃភាសាខ្មែរនោះទេ
គឺភាសាខ្មែរជាអត្តសញ្ញាណរបស់ខ្មែរ
និងស្ថិតនៅជាប់នឹងព្រលឹងរបស់ខ្មែរជារៀងរហូតដែលគ្មានបរទេសណាមកបំភ្លៃបានឡើយ។
ឆ្លងតាមការបកស្រាយ
វែកញែកត្រួសៗមកយើងឃើញថាមតិស្របមិនទាន់ត្រឹមត្រូវទេ
ព្រោះភាសាបាលីសំស្ក្រឹតគ្រាន់តែជាកំចីបង្គ្រប់កង្វះខាតតែប៉ុណ្ណោះ។
ម្យ៉ាងទៀតការប្រើប្រាស់ត្រូវបានយកមកច្នៃជាលក្ខណៈខ្មែរពិតៗ។
ឯមតិផ្ទុយវិញពិតជាត្រឹមត្រូវព្រោះយើងបានបង្កើតភាសាដោយខ្លួនឯងតាំងពីខ្មែរមិនទាន់ទទួលវប្បធម៌ពីឥណ្ឌាមកម្ល៉េះ។
ហើយការយកភាសាបាលីសំស្រ្កឹតក៏ត្រូវកែសម្រួលដើម្បីតម្រូវតាមទស្សនៈខ្មែរទាំងសូរសព្ទ
និងរូបសព្ទ។
ជាយោបល់បញ្ចប់ មតិរបស់ប្រធានដែលបានលើកឡើងមិនត្រឹមត្រូវទេ
ព្រោះភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន។
ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវតែស្វែងយល់ឲ្យច្បាស់លាស់
និងស៊ីជម្រៅទៅលើអ្វីដែលជាលក្ខណៈពិសេសរបស់ជាតិខ្លួន
និងត្រូវលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែថ្កុំថ្កើន និងគង់វង្សជារៀងរហូត។
No comments:
Post a Comment