រឿងព្រះវេស្សន្តរបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅ (ប្រធានបែបពន្យល់)
សេចក្តីអធិប្បាយ
ក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍បុរាណរឿងព្រះវេស្សន្តរដែលជាស្នាដៃមួយស្ថិតក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមរួចមក
ធ្វើឲ្យអ្នកសិក្សាទាំងឡាយយល់ថា
រឿងនេះមិនគ្រាន់តែបកស្រាយអំពីការកសាងទានបារមីរបស់ព្រះពោធិសត្វប៉ុណ្ណោះទេ
ថែមទាំងបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត
និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅថែមទៀតផង។
តើរឿងព្រះវេស្សន្តរបានអប់រំអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេចខ្លះ?
មុននឹងបកស្រាយនូវប្រធានខាងលើឲ្យបានក្បោះក្បាយជាដំបូងយើងគប្បីយល់នូវពាក្យ
"អប់រំ" និង "លទ្ធិប្រជាធិបតេយ្យ" ជាមុនសិន។ "អប់រំ" គឺសម្តៅលើការទូន្មាន
ប្រៀនប្រដៅ ដឹកនាំមនុស្សឲ្យដើរតាមផ្លូវល្អ។ ចំណែក "លទ្ធិប្រជាធិបតេយ្យ"
គឺជាលទ្ធិដែលគ្រប់គ្រងសង្គមដោយគោរពមតិរាស្រ្ត
ឈរលើគោលការណ៍គោរពប្រយោជន៍រាស្រ្តជាធំ។
អត្ថន័យរបស់ប្រធានខាងលើគឺចង់ឲ្យយើងបកស្រាយតាមរយៈរឿងព្រះវេស្សន្តរថាបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត
និងអនុវត្តតាមលទ្ធិដែលលើកតម្កើងប្រយោជន៍រាស្រ្តជាធំ។
ក្នុងដំណើរការសិក្សា
វិភាគខ្លឹមសារទៅលើស្នាដៃអក្សរសិល្ប៍បែបពុទ្ធនិយមរឿងព្រះវេស្សន្តរ
បានធ្វើឲ្យគេរកឃើញថាខ្លឹមសារនៃរឿងនេះបានរួមចំណែកដ៏សំខាន់ក្នុងការអប់រំឲ្យមានគំនិតប្រជាធិបតេយ្យ
និងអនុវត្តលទ្ធិនេះនៅក្នុងសង្គមរស់នៅ។
បានជាគេលើកឡើងបង្ហាញបញ្ជាក់បែបនេះព្រោះដោយមានអំណះអំណាងទាក់ទងទៅនឹងបញ្ហាដូចជានៅពេលដែលមានអំណះអំណាងទាក់ទងទៅនឹងបញ្ហានេះដូចជា
នៅពេលដែលមានទំនាស់រវាងព្រះវេស្សន្តរជាមួយនឹងប្រជារាស្រ្តស្រុកស្រីពិរាស្រ្តក្នុងខណៈដែលព្រះវេស្សន្តរបានដាក់ទានដំរីបច្ច័យនាគេន្ទ្រទៅឲ្យនគរកលឹង្គរាស្រ្ត។
ការដាក់ទានដោយអត្តនោម័តនេះបានធ្វើឲ្យអ្នកស្រុកជេតុត្តរនគរមានកំហឹងជាខ្លាំងហើយនាំគ្នាទៅទូលប្តឹងផ្តល់ដល់ព្រះបាទស្រីសញ្ជ័យឲ្យបំបរបង់ព្រះវេស្សន្តរចេញពីនគរ។
ក្នុងអធិករណ៍នេះ ភាគីម្ខាងជាព្រះរាជបុត្រដែលត្រូវបន្តរាជ្យ
ហើយម្ខាងទៀតជាប្រជារាស្រ្ត
ប៉ុន្តែព្រះបាទស្រីសញ្ជ័យពុំបានយល់ដល់ព្រះញាតិវង្សឡើយ
ព្រះអង្គសម្រេចព្រះទ័យតាមឆន្ទៈរបស់រាស្រ្តដោយត្រូវតែនិរទេសព្រះវេស្សន្តរចេញពីនគរ។
ដំណោះស្រាយនេះគឺព្រះស្រីសញ្ជ័យដោះស្រាយវិវាទដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ
មានន័យថាព្រះអង្គស្តាប់មតិរាស្ត្រជាធំ។
ចំពោះព្រះវេស្សន្តរវិញក្នុងឋានៈជាព្រះរាជបុត្រនៃព្រះមហាក្សត្រទាំងមូល
ក៏ព្រះអង្គមិនមានប្រទូស្តរាយនឹងប្រជារាស្ត្រ សុខចិត្ត
សុខព្រះកាយយាងចាកចេញពីនគរទៅនៅក្នុងព្រៃភ្នំគិរីវង្គតតាមបំណងរបស់រាស្រ្ត
ចំណុចនេះមានន័យថាព្រះវេស្សន្តរគោរពលទ្ធិប្រជាធិបតេយ្យដូចជាព្រះបិតារបស់ព្រះអង្គដែរ។
និយាយរួមទៅ
ការសម្រេចព្រះទ័យរបស់ព្រះបាទស្រីសញ្ជ័យក្នុងការបំបរបង់ព្រះវេស្សន្តរចេញពីនគរ
និងការយាងចេញពីនគរនៃព្រះវេស្សន្តរទៅរស់នៅក្នុងព្រៃ គឺជាការសម្រេចព្រះទ័យ
និងជាព្រះរាជសកម្មភាពមួយដែលឲ្យតម្លៃទៅលើឆន្ទៈរបស់រាស្រ្ត
គោរពតាមមតិរបស់រាស្រ្តជាធំដែលយើងហៅថាជាការសម្រេចព្រះទ័យតាមបែបលទ្ធិប្រជាធិបតេយ្យ។
តាមការអធិប្បាយស្រាយបញ្ជាក់បញ្ហាខាងលើ
ធ្វើឲ្យយើងអាចវិនិច្ឆ័យបានថាការអះអាងរបស់ប្រធានពិតជាត្រឹមត្រូវសមហេតុផល
និងមានលក្ខណៈវិនិច្ឆ័យល្អិតល្អន់ចំពោះដំណើររឿង។
ការដែលរឿងនេះបានលើកមកបង្ហាញពីគំនិត
និងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតជាបានជះឥទ្ធិពលដ៏សំខាន់ទៅលើសតិអារម្មណ៍សង្គមពិសេសគឺជំហររបស់អ្នកដឹកនាំឲ្យមើលឃើញពីអត្ថប្រយោជន៍ដែលបានមកពីប្រជាធិបតេយ្យក្នុងដំណើរការកសាងសង្គមដោយលើកស្ទួយឲ្យប្រជាពលរដ្ឋក្លាយទៅជាម្ចាស់ពិតប្រាកដលើជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។
ដូចនេះយើងទាំងអស់គ្នាត្រូវរួមកម្លាំងគ្នាកសាងកម្លាំងប្រជាធិបតេយ្យឲ្យបានរឹងមាំដើម្បីសង្គមជាតិមានសុខសន្តិភាព
និងអភិវឌ្ឍន៍។
No comments:
Post a Comment