រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ
លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដីនោះទេ
ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ?
ដូច្នេះត្រូវអញរព្ញកពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី
អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ
ហើយអញដោះសត្វទៅជូនលោកសុភាសេក
បើវាមិនសុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន
សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រាកដ។
ប្តីប្រពន្ធគិតគ្នាហើយដេកទៅ ដល់មាន់រងាវរព្ញកពីដេក
លុបមុខស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់១
ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើម
ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង
អ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់។ អ្នកមួយឆ្លើយ
"កុំរលះរលាំងថ្វីអន្ទាក់ខ្ញុំៗមិនសង្ឃឹមទេ
ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា
បើបានចែកគ្នាស៊ីផង"។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុន។
អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ
លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ។
ចៅដែលជាម្ចាស់អន្ទាក់ចុងឈើថា "ន៎!
មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុង ឥឡូវមើលរបស់អ្នកណាជាប់ហៈ?"
ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ។
ឯចៅចែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា
"ខ្ញុំហើយនិងចៅមួយនោះដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ
អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច ក្តីនេះគង់តែមកដល់លោក
ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ
ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ"។
សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា"ឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ
បើវាមកមិនទាន់ អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ"។
ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដកដង្ហើមតូច
ដកដង្ហើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តី
ដូចបង្គាប់ចៅមុន។
លុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកឥវ៉ាន់ទៅដល់មុន។
ឯអ្នកដែលដាក់អន្ទាក់នៅដី
ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួន
ចាញ់គេ ហើយគេចាប់ទោសផងក៏រត់ពីភូមិមួយ ទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា
"មានដំណើរអ្វីបានជារត់ដូច្នេះ? ឈប់សិន"។ ចៅនោះឆ្លើយថា
"លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា
ខ្ញុំដាក់នៅគល់ ឯគេដាក់នៅចុងឈើ លុះព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ
ឃើញនៅឈើជាប់ក្តាន់មួយ
ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកៗគេថាអ្នកណាដើរទៅរកឥវ៉ាន់ទៅដល់មុន
អ្នកនោះឈ្នះ"
ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផង
សុភាទន្សាយឆ្លើយថា "ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ"។ ចៅនោះអរ។
លុះដល់ថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា
"ដូចម្តេចក៏យូរម្ល៉េះ? សេចក្តីចាញ់គេហើយ"។ សុភាទន្សាយឆ្លើយថា
"យើងខ្ញុំបានជាយូរនោះពីព្រោះអាល័យតែចាំមើល
ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល"។ សុភាសេកថា
"ពីជីដូនជីតាមកគ្មាននរណាដែលឃើញ ដែលលឺថាត្រីក្រាញ់ហើរឡើងស៊ីស្លឹមអម្ពិលទេ"។
សុភាទន្សាយឆ្លើយថា "ពីជីដូនជីតា ពីម៉ែឪបង្កើតមកនរណាដែលឃើញ
ដែលលឺថាអន្ទាក់នៅនឹងដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើវិញ
ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!"។ ខណៈនោះសុភាសេកស្ងៀម
ពុំហ៊ានស្តីតបឡើយ។
សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅនឹងដីឈ្នះ។
ឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម
បែរមុខផ្ទប់ទៅនឹង ជញ្ជាំងដូចឆ្មាលបកណ្តុរ៕
"ល្មោភឥតខ្មាស វិនាសច្បាប់"
No comments:
Post a Comment