អភិបាលកិច្ចល្អរបស់អ្នកដឹកនាំ (ប្រធានពិភាក្សា)
សេចក្តីអធិប្បាយ
ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស
ទាំងអ្នកដឹកនាំសហគមន៍ផ្ទាល់
ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា
ចាំធ្វើតាម ចាំអនុវត្ត ឬប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ
ឬដើម្បីសម្រេចកិច្ចការណាមួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ
សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំផ្ទាល់
ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ
ដើម្បីបង្កើនការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ
គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នកខ្លះយល់ថា
"មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀតយល់ថា
"មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។
តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?
ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ
ជាបឋមយើងគប្បីយល់នូវពាក្យ "អភិបាលកិច្ច" ជាមុន។
អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និងមានទំនាក់ទំនងល្អ។
មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ
ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយថ្នាក់លើ
ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា
ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ
ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់បញ្ជា ឬដាក់ផែនការអ្វីមួយហើយ
មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា។ ដូចជាមេឃុំផាន់
ក្នុងរឿងគូលីកំណែន។
មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់លើ
និងយកចិត្តថ្លើមថ្នាក់លើណាស់។
ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិដើមក្រសាំងចូលកាត់ភូមិដើមអំពិល។
ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់អាចារ្យគឹមថា
"បងអាចារ្យរកដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់
ព្រោះល្ថាចណាស់ហើយ តេជគុននឹងអាលទៅសាលាស្រុកវិញ។
ចំពោះក្នុងសង្គមជាតិវិញ
ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំដោយការជ្រើសរើស។
ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាងសកម្ម
ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្មភាពជីកប្រឡាយ
លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល។ល។ ពេលមានមេទិញម្តងៗ
មេឃុំបានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ
មិនមានធ្វេសប្រហែសឡើយ។ សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ
បង្ហាញថាមេឃុំដែលកើតឡើងដោយការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។
តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ?
ទន្ទឹមនឹងមតិខាងលើនេះក៏លេចចេញនូវមតិមួយទៀតថា
មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ
ព្រោះមេឃុំនេះកើតឡើងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។
ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋានត្រូវបម្រើឲ្យរាស្ត្រផ្ទាល់
ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។
ម្យ៉ាងទៀតមេឃុំដែលបានដោយការបោះឆ្នោត
ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត
មិនរើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ
ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋខ្វះខាតអ្វី
មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ
មួយថ្ងៃៗ
មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋានរបស់ខ្លួផ្ទាល់។
ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ
មានការបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់
ដើម្បីអនុវត្តគោលការណ៍អភិបាលកិច្ចឲ្យបានល្អប្រសើរ។
គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម
ដើម្បីអនុវត្តក្នុងផែនការមូលដ្ឋានរបស់ខ្លួន។
នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យ មេឃុំ
ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច
ចក្រភពអង់គ្លេស អូស្រ្តាលី...។ ដូចគ្នានេះដែរ
នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់លោកអ៊ឹម
ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ
ដូចត្រង់សម្តីរបស់ពូហមថា "ហេតុដូច្នេះបានជាខ្ញុំយល់ឃើញថា
ដល់រួចរាល់ឆ្នាំក្រោយៗនេះ
យើងត្រូវបើកឲ្យមានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ
តែមិនមែនជាអ្នកគាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។"
រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈរឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ
សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គមរាស្រ្តនិយម។
សមដឹកនាំខ្លួនបានរីកចម្រើន
ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ។
សរុបសេចក្តីមកមតិទីពីរដែលថា
មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។
ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅហើយ។
ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ
ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើសដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។
ម្យ៉ាងដើម្បីឲ្យមានអភិបាលកិច្ចល្អ
ត្រូវមានប្រជាធិបតេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមតាមយុគសម័យកាលនីមួយៗ។
ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ
ព្រោះការបោះឆ្នោតនាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ
ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។
ក្នុងនាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿនតាមមាគា៌ប្រជាធិបតេយ្យ។
No comments:
Post a Comment